បណ្ដាំសិស្សច្បង! ជិតដល់បាក់ឌុប បើអត់បានត្រៀម ៧ ចំណុចនេះ ដឹងតែម៉េមម៉ាមពេញមណ្ឌលប្រឡង
បាក់ឌុបពិតជាសំខាន់បំផុតក្នុងជីវិតអ្នកសិក្សា ។ បេក្ខជនគ្រប់រូបកំពុងត្រៀមខ្លួនក្នុងការប្រឡងថ្នាក់ជាតិមួយនេះ ដូចជាការទន្ទេញមេរៀន និងការអនុវត្តលំហាត់ជាដើម ។ បើត្រៀមចំណេះបានល្អហើយ តែធ្វេសប្រហែសចំណុចតូចៗមូយចំនួនក៏អាចធ្វើឱ្យប៉ះពាល់ដល់ការប្រឡងនេះបានដែរ ។ សូមទៅដឹងចំណុចដែលមិនគួរធ្វេសប្រហែសដាច់ខាតដូចខាងក្រោមនេះ ៖
១. ត្រៀមសម្ភារៈដែលត្រូវប្រើជាចាំបាច់ក្នុងការប្រឡង
សម្ភារៈសំខាន់ៗមួយចំនួនដែលត្រូវត្រៀមប្រឡង គឺប្រៀបដូចជាអាវុធដែលមិនអាចខ្វះបានក្នុងសឹកសង្គ្រៀម ។ ត្រូវត្រៀមប៊ិចដែលមានគុណភាពល្អ ងាយស្រួលសរសេរ មិនទាក់ មិនហៀរទឹក យ៉ាងតិច ១០ ដើម ។ ក្រៅពីនេះត្រូវពិនិត្យមើលសម្ភារៈផ្សេងៗទៀតកុំឱ្យខ្វះចន្លោះដាច់ខាត ដូចជា៖ បន្ទាត់ ខ្មៅដៃ ដែកឈៀន រ៉ាប់ព័រទ័រ ជាដើម ។
២. កុំដើរលេងហិចហើរទៅណាឆ្ងាយៗ
ជិតដល់ពេលប្រឡងបែបនេះគួរនៅផ្ទះរំលឹកមេរៀន ផ្អាកការជួបជុំ ការណាត់ជួប ឬ ដើរលេងច្រើន ពិសេសទៅតំបន់ឆ្ងាយៗដែលអាចជួបនូវគ្រោះថ្នាក់ដោយចៃដន្យណាមួយ ។
៣. ព្យាយាមថែរក្សាសុខភាពឱ្យល្អ
ខំប្រឹងរំលឹកមេរៀន អនុវត្តលំហាត់យ៉ាងណាក៏ដោយ តែកុំដល់ថ្នាក់ដាច់បាយដាច់ទឹក ទៅជាឈឺក្រពះ ឬ ប៉ះពាល់ដល់សុខភាព ។ ត្រូវញ៉ាំឱ្យគ្រប់គ្រាន់ គេងឱ្យឆ្អែតៗ ដើម្បីមានសុខភាពល្អ ជៀសវាងដួលសន្លប់ផ្អើលពេញមណ្ឌល ។
៤. ជិតដល់ថ្ងៃប្រឡងកុំញ៉ាំអាហារផ្ដេសផ្ដាស
មុនប្រឡងមួយថ្ងៃ ឬ ពីរថ្ងៃ គួរជៀសវាងរបស់ផ្អាប់ ម្ជូរ និង អាហារណាដែលអាចធ្វើឱ្យប៉ះពាល់ ក្រពះពោះវៀន ។ ព្រោះបើដល់ថ្ងៃប្រឡងស្រាប់តែចុក រមួលពោះ រត់ចូលបន្ទប់ទឹករហូតនោះប្រាកដ ជាបែកអារម្មណ៍ខ្ទេចមិនខាន ។
៥. ត្រូវពិនិត្យមើលលើមធ្យោបាយធ្វើដំណើរឱ្យច្បាស់លាស់
ប្រសិនបើជិះម៉ូតូត្រូវពិនិត្យមើលឱ្យច្បាស់ថា ធូរកង់អត់ បែកកង់អត់ មានសាំងអត់ បញ្ឆេះឆេះទេ ? ប្រយ័ត្នដល់ថ្ងៃត្រូវប្រឡងធាក់១០ជើងមិនទាន់ឆេះ ។ ប្រសិនបើមានអ្នកជូនត្រូវនិយាយឱ្យច្បាស់ជាមួយអ្នកជូនទៅ ប្រយ័ត្នត្រូវទៅហើយ បែរជាតៃកុងកំពុងស្រម៉ុកខ្សុល ។
៦. ត្រូវឆាប់ចូលគេង ហើយក្រោកពីព្រលឹមជៀសវាងយឺតនាំឱ្យភ័យ
ដល់ថ្ងៃប្រឡងត្រូវក្រោកពីព្រលឹមទៅដល់មណ្ឌលយ៉ាងហោចណាស់ ១ ម៉ោងមុនការប្រឡងមកដល់ ។ ត្រូវទៅមើលបន្ទប់ដែលត្រូវប្រឡងឱ្យច្បាស់ និង មានពេលសម្រួលអារម្មណ៍ កុំឱ្យភ័យពេក ។ ធ្វើយ៉ាងជៀសវាងទៅដល់ក្រោយជួងទី២ ព្រោះគណៈកម្មការនឹងមិនអនុញ្ញាតឱ្យចូលប្រឡងឡើយ ទោះទៅយឺតព្រោះហេតុផលអ្វីក៏ដោយ ។
៧. ចូលដល់បន្ទប់ប្រឡងត្រូវរកមើលលេខតុឱ្យច្បាស់ ហើយជូតសម្អាតឱ្យស្អាតសិនមុនអង្គុយ
គួរមានក្រដាសជូតមាត់តូចមួយដាក់តាមខ្លួន គ្រាន់បានជូតតុ កៅអី មុនពេលអង្គុយ ព្រោះធម្មតា ទុកចោលយូរប្រាកដជាធូលីដីពេញនឹងហើយ ។ បើមិនបានជូតទេ អាចប្រឡាក់សំលៀកបំពាក់ និង ប្រឡាក់ក្រដាសកិច្ចការធ្វើឱ្យមានអារម្មណ៍មិនល្អក្នុងការប្រឡង ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ