រយៈពេលជាង ១ សប្ដាហ៍ហើយ ដែល កក្កដា សុភ័ណ្ឌ Miss Trans Star Cambodia 2025 កំពុងតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីអន្តរជាតិ Miss Trans Star International 2025 នៅប្រទេសព័រតូរីកូ។


ក្នុងការប្រកួតលើឆាកអន្តរជាតិប៉ុន្មានថ្ងៃកន្លងទៅនេះ កក្កដា សុភ័ណ្ឌ តែងបង្ហាញពីសកម្មភាពយ៉ាងសកម្មនៃដំណើរការប្រកួតពីមួយវគ្កទៅមួយវគ្គ ដ្បិតតែមានការវែកញែកខ្លះៗលើបណ្ដាញសង្គមជុំវិញការប្រកួតរបស់នាង តែនាងក៏បង្ហាញពីឆន្ទះយ៉ាងក្លាហានមោះមុត ក្នុងនាមជាបវរកញ្ញាភេទទី ៣ តំណាងឱ្យកម្ពុជាលើឆាកប្រកួតនេះដែរ។


ដោយឡែក ចំពោះដំណើរការប្រកួតរបស់ កក្កដា សុភ័ណ្ឌ លើឆាកអន្តរជាតិនេះ អ្វីដែលធ្វើឱ្យមហាជនកម្ពុជាកំពុងចាប់អាម្មណ៍ខ្លាំង ក្រោយឃើញវីដេអូដែលនាងបានឡើងនិយាយក្នុងវគ្គសម្ភាសមួយនៃកម្មវិធីប្រកួត រៀបរាប់ទាក់ទងនឹងជីវិតតស៊ូដ៏កម្សត់របស់ខ្លួន។
ក្នុងនោះ កក្កដា សុភ័ណ្ឌ បានរៀបរាប់ឱ្យដឹងថានាងជាក្មេងកំព្រាត្រូវឪពុកម្ដាយបោះបង់ចោលតាំងពីអាយុ ៣ ខែ ហើយមានអ្នករើសយកទៅចិញ្ចឹមនៅខេត្តកណ្ដាល ប៉ុន្តែមិនទទួលបានការសិក្សារៀនសូត្រ និង ធ្លាប់ត្រូវបានគេរំលោភតាំងពីអាយុ ៨ ឆ្នាំទៀត ដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរហូតនាងរត់គេចមករស់នៅក្នុងវត្តនៅរាជធានីភ្នំពេញ និង បានបួសរៀនសូត្រជាព្រះសង្ឈ ដោយមានរឿងរ៉ាវតស៊ូ និង ឆ្លងកាត់ការរើសអើងជាច្រើនរហូតដល់បច្ចុប្បន្នក្នុងនាមជាភេទទី ៣ មួយរូប៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖




