ក្នុងវ័យ ៣០ ឆ្នាំ លោក អ៊ី ថានុង ជាសហស្ថាបនិក Initial Architectural Design Studio ដែលជាក្រុមហ៊ុនស្ថាបត្យកម្មដ៏លេចធ្លោមួយនៅកម្ពុជា។ ក្រុមហ៊ុនរបស់លោកបានបង្ហាញសមិទ្ធផលការរចនាដ៏ទាក់ទាញបន្តបន្ទាប់ ក្នុងនោះរាប់តាំងពីហាងកាហ្វេ បារ ភោជនីយដ្ឋានល្បីៗ រហូតដល់អគារតូចធំជាច្រើនកន្លែង។
ជាមួយទស្សនវិស័យនៅពីក្រោយការរចនាអគារជាច្រើនរះឡើងនៅទីក្រុងភ្នំពេញ សហស្ថាបនិករាងមាំសង្ហារូបនេះ ប្តេជ្ញានឹងនាំយកបែបបទរស់នៅដ៏ប្រណីតមកកាន់ប្រជាជនកម្ពុជា តាមរយៈការបង្កើតបែបសហសម័យរបស់លោក។ ទស្សនៈរបស់លោក៖ «ការរចនាគឺជាគោលការណ៍នៃការដោះស្រាយបញ្ហា តម្លៃសិល្បៈ តម្លៃវប្បធម៌ ភាពសាមញ្ញ និង ធម្មជាតិបៃតង»។
កន្លងទៅនេះ លោក អ៊ី ថានុង បានទទួលពានរង្វាន់ 40 under 40 ពីទស្សនាវដ្ដី Prestige។ ហើយលោកពិតជាមានកិតិ្តយស ដែលបានទទួលពានរង្វាន់ និង ការប្រគល់ដោយផ្ទាល់ពី លោកជំទាវ យឹម ឆៃលីន។ ពានរង្វាន់ 40 under 40 គឺជាការផ្ដល់ជូនដល់បុគ្គលឆ្នើមវ័យក្មេង ដែលមានស្នាដៃ និង មានបទពិសោធច្រើនក្នុងវិស័យផ្សេងៗគ្នាទាំង ៤០ រូប ដែលមានអាយុ ៤០ ឆ្នាំចុះក្រោម។ ហើយពានរង្វាន់នេះផងដែរ ក៏ជាការទទួលស្គាល់ពីភាពច្នៃប្រឌិត ការតាំងចិត្ត និង ការខិតខំប្រឹងប្រែងរបស់លោក ក្នុងការជួយលើកស្ទួយវិស័យស្ថាបត្យកម្មនៅប្រទេសកម្ពុជាឱ្យកាន់តែមានភាពជឿនលឿន និង រីកចម្រើនទៅមុខ៕
ប្រភព៖ Prestige