នៅថ្ងៃ ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញនេះ គឺត្រូវនឹងថ្ងៃ ៨ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលជាថ្ងៃសីល។

ក្នុងឱកាសយប់ថ្ងៃសីលនេះផងដែរ នៅទឹកដីខេត្តបាត់ដំបង គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមូលមីដោយចិត្តជ្រះថ្លា ទៅអុជធូបនៅចំណុចអ្នកតាដំបងគ្រញូងដ៏ស័ក្តិសិទ្ធិ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយបានបួងសួងសូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក និង បារមីលោកតាដំបងគ្រញូង ឱ្យលោកជួយតាមថែរក្សាបងប្អូនកងទ័ពជួរមុខរបស់កម្ពុជា ព្រមទាំងប្រជាជនខ្មែរទាំងអស់ ឱ្យជួបតែសំណាងល្អ និង សុខសុវត្ថិភាព។ នេះបើតាមការបង្ហោះឱ្យដឹងពីផេកដែលមានឈ្មោះ បាត់ដំបងដែលខ្ញុំនឹក-Battambang នៅយប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។

សូមរំឭកផងដែរថា នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួនពីរលើក គឺលើកទីមួយនៅវេលាម៉ោងប្រមាណ ១៥:៥០ នាទី និង លើកទីពីរនៅវេលាម៉ោង ១៧:៥៤ នាទីល្ងាច ដោយបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ៣ នាក់បញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ និង បាត់បង់ជីវិតចំនួន ១ នាក់ ដោយបានបូជានៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥៕
