ជាការពិតណាស់ ក្រោយកម្ពុជាបានរងការបាញ់ប្រហារពីទាហានថៃបណ្ដាលឱ្យពលរដ្ឋស្លូតត្រង់រងរបួស និង បាត់បង់ជីវិត កាលពីទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនោះ ស្ថានភាពប្រទេសជាតិបាន និង កំពុងធ្វើឱ្យមហាជនកម្ពុជាមានការព្រួយបារម្ភជាថ្មី ជាពិសេសនោះ គឺសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

ក្នុងនោះ ក្រោយ កម្ពុជាបានរងការបាញ់ប្រហារពីទាហានថៃហើយនោះ នៅលើបណ្ដាញសង្គមគេបានឃើញមហាជនទូទៅ ជាពិសេស សិល្បករ សិល្បការិនី និង អ្នកផលិតមាតិកាច្រើន កំពុងចែករំលែកនូវរូបភាព ក៏ដូចជាវីដេអូផ្សេងៗ ដោយប្រើសំឡេងនិយាយប្រឆាំងនឹងអំពើឈ្លានពានវាយប្រហាររបស់ថៃមកលើកម្ពុជា ដើម្បីផ្សព្វផ្សាយពីទង្វើដ៏ព្រៃផ្សៃរបស់ថៃទៅកាន់ពិភពលោកឱ្យបានឃើញ។

ផ្អែកលើស្ថានភាពប្រទេសកំពុងតានតឹងជាថ្មីនេះ ក្រឡេកមើលតារាចម្រៀងស្រីល្បីឈ្មោះ ២ រូប គឺអ្នកនាង មាស សុខសោភា និង កញ្ញា សុខ ពិសី ក៏បានបង្ហាញអារម្មណ៍នៃការព្រួយបារម្ភរបស់ខ្លួនទៅកាន់បងប្អូនប្រជាពលរដ្ឋ និង កងកម្លាំងជួរមុខនៅតាមព្រំដែនដូចគ្នា ដោយសម្រេចផ្អាកការសម្តែងនៅ Pub ភ្លាមៗទៀតផង។

ក្នុងនោះតាមរយៈការបង្ហោះការជូនដំណឹងពីអ្នកនាង មាស សុខសោភា បានរៀបរាប់ថា៖ «នាងខ្ញុំសូមអធ្យាស្រ័យអ្នកទាំងអស់គ្នា កម្មវិធីនៅ TickTock Pub យប់នេះ យើងសុំពន្យារពេលសិន ដោយសារស្ថានការណ៍នៅតាមព្រំដែនប្រទេសយើងកំពុងមានបញ្ហា។ ជួបគ្នាឆាប់ៗម្ដងទៀត អ្នកទាំងអស់គ្នា។ ជូនពរបងប្អូននៅតាមព្រំដែន សុខសុវត្ថិភាពទាំងអស់គ្នា»។


រីឯកញ្ញា សុខ ពិសី ក៏បានឱ្យដឹងដែរថា៖ «ជម្រាបសួរបងប្អូនអ្នក ស្ទឹងត្រែងជាទីស្រលាញ់ នាងខ្ញុំ សុខពិសី សុំពន្យារពេលការសម្ដែង ជូនបងប្អូន នៅថ្ងៃទី ១៥ វិច្ឆិកា នៅ រទះសមុទ្រ pub សិន ដោយសារស្ថានការណ៍ប្រទេសយើងកំពុងមានទុក្ខ។ សង្ឃឹមបងប្អូនយល់ពីបេះដូងខ្ញុំ! …»៕


