នៅយប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ តាមរយៈផេកផ្លូវការលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ឱ្យដឹងថា លោកបាននិយាយជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ តាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីការវិវឌ្ឍនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧប្បត្តិហេតុថ្មីៗនៅតាមព្រំដែននៃប្រទេសទាំងពីរ។

ក្នុងនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ដូចខាងក្រោម ៖
«ខ្ញុំបាននិយាយជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ តាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីការវិវឌ្ឍនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧប្បត្តិហេតុថ្មីៗនៅតាមព្រំដែននៃប្រទេសទាំងពីរ។ អ្នកទាំងពីរបានផ្តល់មតិវិជ្ជមាន និង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយអនុវត្តតាមបញ្ហាដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។
ខ្ញុំបញ្ជាក់ជាថ្មីនូវជំហររបស់ប្រទេសម៉ាឡេស៊ី ដើម្បីមើលឃើញមិត្តភាព និង បទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវបានពង្រឹង ស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ កាលពីចុងខែមុន។ ខ្ញុំក៏បង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសម៉ាឡេស៊ី ដើម្បីបន្តដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការត្រួសត្រាយផ្លូវសន្តិភាពនេះ។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការកោតសរសើរចំពោះជំហររបស់ប្រទេសម៉ាឡេស៊ី និង តួនាទីដែលយើងដើរតួមិនត្រឹមតែជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្ត និង ជាអ្នកជិតខាងនៃតំបន់ដែលប្រាថ្នាចង់បានសន្តិភាពផងដែរ។
សូមឱ្យប្រទេសទាំងពីរបន្តបង្ហាញការតាំងចិត្ត និងភាពក្លាហាន ដើម្បីស្តារស្ថិរភាពព្រំដែនឡើងវិញ ដើម្បីជាប្រយោជន៍ដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងដើម្បីសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ»៕

ប្រែសម្រួលពី ៖ នាយកដ្ឋានព័ត៌មាន