ទូក «ង» ដែលមានប្រវត្តិតាំងពីជំនាន់សង្គមរាស្រ្តនិយម បានទទួលការឧបត្ថម្ភពីក្រុមហ៊ុន KBSK ក្នុងព្រះរាជពិធីបុណ្យអុំទូក
រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ៖ ក្រុមហ៊ុន KBSK បានរៀបចំកម្មវិធីចែកអំណោយឧបត្ថម្ភដល់ទូក «ង» ចំនួន ២ គឺ៖ (១) ទូកកំហែងសុវណ្ណកុមារមហាហង្សសែនជ័យ ដែលឈ្មោះនេះមានប្រវត្តិតាំងពីជំនាន់សង្គមរាស្ត្រនិយម និង (២)ទូកកំហែងសុវណ្ណកុមារមហាទេព ។ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ការប្រណាំងទូកតែងតែប្រារព្ធធ្វើឡើងនៅខាងមុខព្រះបរមរាជវាំង ដែលឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១-២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។
ដើម្បីលើកទឹកចិត្ត លើកកម្ពស់ និង អបអរព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមហ៊ុន KBSK ត្រៀមជាស្រេចនូវអំណោយឧបត្ថម្ភជាច្រើនដល់គណៈកម្មការកីឡាករទូក «ង» ចំនួនពីរនេះសរុបមានចំនួន ១៦៦ នាក់ និង គណៈកម្មការរៀបចំទូកប្រណាំងចំនួន ៦ នាក់ទៀត ។អំណោយទាំងនោះរួមមាន អាវយឺតចំនួន ៣៧៥ មួកចំនួន ១៩៥ ផលិតផលនំប្រៃ AFC ចំនួន ១៩២ កេស និង ទឹកប្រាក់ចំនួន ៦ ម៉ឺនរៀលសម្រាប់ម្នាក់ៗ ដែលសរុបជាទឹកប្រាក់នៃអំណោយទាំងអស់មានប្រមាណជិត ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
លោក ជង់ កញ្ចនា ប្រធាននាយកប្រតិបត្តិពីក្រុមហ៊ុន KBSK មានប្រសាសន៍ថា៖ «ការចូលរួមផ្តល់អំណោយឧបត្តម្ភដល់កីឡាករ និង គណៈកម្មការទាំងពីរទូកនេះ គឺដើម្បីចូលរួមលើកកម្ពស់ និង ជំរុញឱ្យមានការចូលរួមបន្ថែមពីបងប្អូនប្រជាជនកម្ពុជាសម្រាប់កីឡាប្រភេទនេះ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទួកដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង» ។
ពិធីប្រណាំងទូក «ង» រយៈពេលបីថ្ងៃដែលប្រារព្ធធ្វើឡើងក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវមានការចូលរួមសាមគ្គីគ្នាយ៉ាងសកម្មដើម្បីទទួលបានជ័យជំនះ ។ គណៈកម្មការរៀបចំ ព្រះតេជគុណ ពិន សុវ៉ុន ចៅអធិការវត្ត គៀនស្វាយក្នុង និង ជាប្រធានគណៈកម្មាធិការទូកនេះ មានសង្ឃដីកាថា ៖ «តំណាងឱ្យគណៈកម្មាធិការរៀបចំទូក «ង» អាត្មាសូមអរគុណដល់ក្រុមហ៊ុន KBSK ដែលបានធ្វើអំណោយឧបត្ថម្ភដល់កីឡាករទូក «ង» យើង សម្រាប់ការចេញទៅចូលរួមការប្រណាំងទូក «ង» វគ្គផ្តាច់ព្រ័ត្តនៅមុខព្រះបរមរាជវាំងថ្ងៃទី ២១-២២ និង ២៣ វិច្ឆិកានេះ ។
យោងតាមសង្ឃដីការបន្តថា ទូក «ង» ដែលមាននាមថា «កំហែងសុវណ្ណកុមារមហាហង្សសែនជ័យ» បានលេចវត្តមានក្នុងការប្រណាំងទូកក្នុងពិធីបុណ្យប្រពៃណីជាតិនេះតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ ។ ហើយកាលពីឆ្នាំ ២០១៧ កន្លងទៅ ទូក«ង» នេះដែរ បានទទួលចំណាត់ថ្នាក់លេខ ២ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្តផងដែរ ។
ជាមួយគ្នានេះដែរ លោក ចេង មុនី្នរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា ៖ «មិនថាចាញ់ ឬឈ្នះ ការចូលរួមប្រណាំងទូកនេះ សបញ្ជាក់ពីសាមគ្គីភាពរបស់បងប្អូននៅក្នុងសហគមន៍ ក៏ដួចជាការប្រាស្រ័យទាក់ទងគ្នា និង ចេះជួយយកអាសាគ្នា ។ ហើយខ្ញុំសង្ឃឹមថា បងប្អូននឹងបន្តរក្សាស្មារតីនេះតទៅមុខទៀត» ។
លោក ជង់ កញ្ចនា បន្តថា៖ «ក្នុងនាមពួកយើងជាក្រុមហ៊ុនក្នុងស្រុក ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមថែរក្សាវប្បធម៌ ទំនៀមទំលាប់ខ្មែរ ក៏ដូចជាបណ្តុះស្មារតីជួយគ្នានិងសាមគ្គីភាពនៅក្នុងសហគមន៍យើង» ។ គួររំឭកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកពីជ័យជំនះកងទ័ពជើងទឹកខ្មែរលើពួកចាម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ៕