គ្រាន់តែបំបៅកូនដោយទឹកដោះម្តាយសោះ មានគុណប្រយោជន៍ច្រើនដល់ថ្នាក់នេះ !
ការបំបៅដោះកូនមានប្រយោជន៍ច្រើនណាស់ទាំងម្តាយ និងកូន។ ទឹកដោះម្តាយផ្ទុកទៅដោយជីវជាតិដែលរាងកាយរបស់ទារកត្រូវការដើម្បីលូតលាស់ និងធំធាត់ប្រកបដោយសុខភាពល្អ។ វាងាយនឹងរំលាយជាងម្សៅទឹកដោះគោ ហើយក៏មានអង់ទីគ័រដែលអាចជួយបង្កើត និងបង្កើនប្រព័ន្ធភាពស៊ាំរបស់ទារកបានទៀតផង។
ប្រយោជន៍នៃការបំបៅដោះកូនមានដូចជា៖
• ជួយសម្រកទម្ងន់ដែលឡើងក្នុងពេលមានផ្ទៃពោះរបស់ម្តាយ
• បន្ថយឱកាសកើតជំងឺពុកឆ្អឹងនៅថ្ងៃក្រោយ
• បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ ស្បូន និងក្រពេញអូវ៉ែ
• ជួយបង្កើនចំណងទំនាក់ទំនងជាមួយកូនកាន់តែល្អ
• ផ្តល់នូវជីវជាតិដ៏ល្អ និងមានតុល្យភាពសម្រាប់ការលូតលាស់ និងធំធាត់របស់ទារក
• បង្កើនប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ដោយសារតែវាផ្ទុកទៅដោយអង់ទីគ័រដែលអាចប្រឆាំងនឹងការបង្ករោគ អាឡែហ្ស៊ី និងជំងឺនានា
• ការលូតលាស់របស់ខួរក្បាលកាន់តែល្អ និងមានបញ្ហា IQ កាន់តែខ្ពស់ថែមទៀត
• ការបំបៅដោះកូនមិនត្រូវការចំណាយលុយអ្វីទាំងអស់ ហើយងាយស្រួលក្នុងការប្រើប្រាស់ជាងម្សៅទឹកដោះគោឆ្ងាយណាស់
ក្រោយពីសម្រាលកូនរួច សុដន់អ្នកនឹងផលិតជាទឹកដោះដំបូងដែលមានលក្ខណៈលឿងខាប់ ហើយវាមិនត្រឹមតែជាតម្រូវការជីវជាតិតែមួយគត់សម្រាប់ទារកទេ តែក៏ជួយបង្កើនប្រព័ន្ធភាពស៊ាំដល់គេថែមទៀតផង។ ដូច្នេះចូរកុំរងចាំយូរក្រោយពីទារកកើតមកក្នុងការបំបៅដោះកូនអី។ ករណីដែលអ្នកមិនទាន់ចេះបំបៅដោះ គ្រូពេទ្យអាចជួយអ្នកបាន។ ការបំបៅដោះកូនគួរតែមិនមានអ្វីឈឺចាប់ទេ ហើយសុដន់អ្នកគួរតែមានផាសុកភាពនៅពេលកូនបឺតជញ្ជក់។ បើសិនជាមានអារម្មណ៍ថាឈឺ អ្នកប្រហែលជាបំបៅកូនមិនបានត្រឹមត្រូវហើយ។
អ្នកនឹងត្រូវការបំបៅដោះកូនញឹកញាប់បន្តិច ដែលអាចធ្វើជារៀងរាល់ពីរទៅបីម៉ោងម្តង។ ចូរបំបៅកូននូវដោះទាំងសងខាងរយៈពេល ១០ ទៅ ១៥នាទី។ កាលណាអ្នកបំបៅកូនកាន់តែច្រើន ទឹកដោះនឹងចេញកាន់តែច្រើនដែរ។ កុំភ្លេចសង្កេតមើលអាការៈភ្លាមៗនៃការឃ្លានរបស់កូន តាមរយៈការយំឃ្លានផង។ សញ្ញានៃការឃ្លានដូចជា រើសចុះឡើង ជញ្ជក់បបូរមាត់ជាដើម៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ onlymyhealth