ពេលកូនតូចក្តៅខ្លួន គួរកុំភ្លេចវិធីព្យាបាលដោយខ្លួនឯងទាំងអស់នេះ !
ឪពុកម្តាយងាយនឹងមានអារម្មណ៍ភ័យខ្លាចណាស់នៅពេលដែលកូនតូចរបស់ពួកគេក្តៅខ្លួន ហើយវាក៏ជាប្រតិកម្មដ៏ញឹកញាប់មួយដែលធ្វើឲ្យកូនក្មេងមិនអាចគេងបាន និងមានអារម្មណ៍មិនស្រួលខ្លួន។ ថ្វីបើរឿងនេះអាចជាផ្នែកមួយធម្មតារបស់ក្មេងដែលក្តៅខ្លួនជាពិេសសពេលរាងកាយគេរងការបង្ករោគដោយវីរុស ហើយកម្តៅឡើងទៅ ៣៧.៥អង្សារ ក៏ដោយ ក៏គ្រប់គ្រាន់នឹងធ្វើឲ្យមនុស្សចាស់បារម្ភដែរ។ មានថ្នាំគ្មានវេជ្ជបញ្ជាច្រើនណាស់ដែលអាចប្រើដើម្បីបញ្ចុះកម្តៅក្មេងបាន ប៉ុន្តែការពឹងផ្អែកលើថ្នាំទាំងនេះច្រើនពេក អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់ក្មេងមិនអាចយកឈ្នះការបង្ករោគដោយបាក់តេរីផ្សេងៗទៀតបានឡើយ ដោយសារតែប្រើថ្នាំជាប់ពេក។ សំណាងដែល ខ្ញុំមានវិធីសាស្ត្រព្យាបាលដោយខ្លួនឯងមួយចំនួន ដែលអាចជួយបញ្ចុះកម្តៅក្មេងបានលឿនដែរដូចជា៖
ទឹកត្រជាក់
នេះគឺជាមធ្យោបាយព្យាបាលដោយខ្លួនឯងដ៏ងាយស្រួលបំផុតមួយដែលអ្នកអាចប្រើបញ្ចុះកម្តៅក្មេងបាន។ អ្នកគ្រាន់តែជ្រលួកកន្សែងទៅក្នុងទឹកចេញពីក្បាលរ៉ូមីណេធម្មតា ហើយពូតវាឲ្យស្ងួត។ ចូរយកកន្សែងនោះទៅស្អំនៅតំបន់សំខាន់ៗនៃរាងកាយក្មេងដូចជា ឃ្លៀក ប្រអប់ដៃ ប្រអប់ជើង និងគ្រលានដើម្បីបញ្ចុះកម្តៅ។ អ្នកក៏អាចប្រើវាដើម្បីស្អំនៅថ្ងាសបានដែរ។
ញ៉ាំទឹកឲ្យបានច្រើន
ចូរលើកទឹកចិត្តឲ្យក្មេងញ៉ាំទឹកឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន ព្រោះវាអាចជួយបញ្ចុះកម្តៅខ្លះដែរ។ យ៉ាងណាមិញ អ្នកត្រូវតែមានភាពអត់ធ្មត់ច្រើន ជាពិសេសគេឈឺពោះ ឬមិនព្រមញ៉ាំតែម្តង។ ទោះបីជាញ៉ាំទឹកពីរបីស្លាបព្រាកាហ្វេក៏អាចជួយបានច្រើនដែរ។
ទឹកខ្មេះផ្លែប៉ោម
ជាតិអាស៊ីតក្នុងទឹកខ្មេះផ្លែប៉ោមអាចជួយបញ្ចុះកម្តៅកូនក្មេងបានយ៉ាងល្អ។ អ្នកគ្រាន់តែចាក់ទឹកខ្មេះនេះកន្លះចានចង្កឹះ ចូលទៅក្នុងទឹកក្តៅឧណ្ហៗដែលអ្នកបានរៀបចំរួច ហើយដាក់កូនត្រាំក្នុងនោះពី ៥ ទៅ១០នាទី នោះអ្នកនឹងឃើញមានភាពធូរស្រាលនៅរយៈពេល ពីរបីនាទីក្រោយ។ អ្នកអាចធ្វើបែបនេះច្រើនដងបើសិនជាកូននៅតែក្តៅខ្លួន។
ស្លៀកពាក់សម្លៀកបំពាក់ស្តើងៗ
ចាប់តាំងពីកូនតូចអ្នកត្រូវការបញ្ចុះកម្តៅដោយសារតែក្តៅខ្លួន ចូរដោះសម្លៀកបំពាក់ដែលគេស្លៀកនោះចេញឲ្យបានច្រើនផងទៅ ឬស្លៀកតែសម្លៀកបំពាក់ដែលស្តើងបានហើយ ព្រោះរឿងនេះនឹងជួយបង្កើនល្បឿននៃការបញ្ចុះកម្តៅគេ ជាពិសេសនៅពេលអ្នកប្រើវិធីបញ្ចុះកម្តៅផ្សំគ្នានឹងវិធីផ្សេងទៀត។
ខ្ញី
ខ្ញីគឺជាជម្រើសដ៏ល្អមួយនៅពេលនិយាយអំពីការបញ្ចុះកម្តៅរបស់ក្មេង ព្រោះវាផ្ទុកទៅដោយសារធាតុប្រឆាំងទាំងបាក់តេរី និងវីរុស។ វាក៏អាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងវីរុសផ្សេងៗបានច្រើនដែរ។ មធ្យោបាយមួយដើម្បីប្រើវិធីព្យាបាលនេះបានគឺ ធ្វើទឹកតែខ្ញី ហើយអ្នកក៏អាចបន្ថែមរសជាតិផ្អែមក្នុងតែនេះតាមរយៈទឹកឃ្មុំផងដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
( ប្រភព ៖ healthybuilderz )