តាមពិតញ៉ាំគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះ ប៉ះពាល់ដល់កូនខ្លាំងក្លាចឹងសោះ!!!
អ្នកជំនាញជាច្រើននៅតែមិនទាន់ច្បាស់ថា តើញ៉ាំគ្រឿងស្រវឹងប៉ុន្មានទើបមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ដូច្នេះ អ្វីដែលមានសុវត្ថិភាពបំផុតនោះគឺត្រូវចៀសឲ្យខាតតែបានទៅ បើសិនជាអ្នកដឹងថា ខ្លួនមានផ្ទៃពោះហើយនោះ។ បើសិនជាអ្នកមានផ្ទៃពោះ ឬកំពុងតែមានគម្រោងមានផ្ទៃពោះ មធ្យោបាយដ៏មានសុវត្ថិភាពបំផុត គឺកុំប៉ះពាល់នឹងគ្រឿងស្រវឹងតែម្តង។ ការញ៉ាំគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះ អាចនាំឲ្យមានគ្រោះថ្នាក់រយៈពេលយូរសម្រាប់ទារកក្នុងផ្ទៃ ហើយកាលណាអ្នកញ៉ាំកាន់តែច្រើន ការប្រឈមមុខកាន់តែខ្ពស់។
នៅពេលអ្នកញ៉ាំគ្រឿងស្រវឹង វានឹងឆ្លងចូលទៅក្នុងឈាម ចូលទៅដល់សុកសម្រាប់ចញ្ចឹមកូនថែមទៀត។ ថ្លើមរបស់ទារកក្នុងផ្ទៃគឺជាសរីរាង្គចុងក្រោយបំផុតដែលត្រូវលូតលាស់ ហើយក៏មិនបានលូតលាស់ពេញលេញឡើយរហូតដល់ដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ។ ទារកមិនអាចរំលាយគ្រឿងស្រវឹងចោលដូចមនុស្សធំ ឬម្តាយឡើយ ហើយការញ៉ាំគ្រឿងស្រវឹងច្រើនពេក អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់របស់គេបាន។
ការញ៉ាំគ្រឿងស្រវឹង ជាពិសេសក្នុងរយៈពេលបីខែដំបូងនៃការមានផ្ទៃពោះ ប្រឈមកាន់តែខ្ពស់នឹងការរលូតកូន កូនកើតមិនគ្រប់ខែ និងកូនកើតមិនគ្រប់ទម្ងន់។ ការញ៉ាំគ្រឿងស្រវឹងក្រោយពីមានផ្ទៃពោះបីខែដំបូង ក៏អាចប៉ះពាល់ដល់កូនដែរក្រោយពីគេកើតរួច។ ការប្រឈមមុខនឹងកាន់តែខ្លាំងកាលណាអ្នកញ៉ាំគ្រឿងស្រវឹងកាន់តែច្រើន ដោយក្នុងនោះមានទាំង ពិបាកក្នុងការរៀនសូត្រ និងបញ្ហាលើអាកប្បកិរិយា។
ការញ៉ាំគ្រឿងស្រវឹងច្រើនៗក្នុងពេលមានផ្ទៃពោះ អាចធ្វើឲ្យទារកកើតជំងឺធ្ងន់ធ្ងរមួយហៅថា Fetal Alcohol Syndrome (FAS)។ កូនដែលមានជំងឺនេះគឺ៖
• ខ្សោយការលូតលាស់
• មានភាពមិនធម្មតាលើរូបរាងរបស់មុខ
• ពិបាកលើការរៀនសូត្រ និងអាកប្បកិរិយា
ការញ៉ាំគ្រឿងស្រវឹងតិចតួច និងញ៉ាំច្រើនៗក្នុងពេលតែម្តង ក៏អាចជាប់ទាក់ទងនឹង FAS ដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk