គ្រាន់តែផ្នូរសព ក៏បែងចែកអ្នកមាន អ្នកក្រដែរ !
ដោយសារតែឃើញមានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនាពេលកន្លងទៅនេះ បង្ហាញពីផ្នូរខ្មោចរបស់បងប្អូនជនជាតិនៅខេត្តរតនគិរី ទើបគេចង់ដឹងពីអាថ៌កំបាំងនៃផ្នូរខ្មោចទាំងនោះថាបែបណា ? ទើបមើលទៅហាក់ចម្លែកគួរឱ្យចាប់អារម្មណ៍ ។ ផ្នូរខ្មោចប្លែកៗគឺជាផ្នូររបស់ជនជាតិភាគតិច កាចក់ នៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគីរី ។
ពិធីបុណ្យខ្មោចរបស់ជនជាតិកាចក់មានតែ ២ ដងប៉ុណ្ណោះ សម្រាប់អ្នកដែលបានស្លាប់ទៅ ។ បុណ្យទី ១ គឺពេលស្លាប់ ក្រុមគ្រួសារនឹងរៀបចំពិធីបុណ្យសពរយៈពេល ៣ យប់ ៣ ថ្ងៃយ៉ាងអធិកអធម ឬ ទៅតាមលទ្ធភាពរបស់គ្រួសារសព តែប្រសិនបើគ្រួសារធូរធារ ពួកគាត់នឹងរៀបចំបុណ្យធំដែលមានកាប់ក្របីជាច្រើនក្បាល និង រៀបចំយ៉ាងអធិកអធមបំផុត ប៉ុន្តែគ្រួសារខ្សត់ខ្សោយវិញមិនធ្វើបុណ្យធំដុំឡើយ ។
នៅពេលយកសពទៅបញ្ចុះក្រុមគ្រួសារនឹងមានធ្វើរូបចម្លាក់ពីឈើប្រុស ១ និង ស្រី ១ដែលមានផ្ទៃពោះដាក់បញ្ឈរនៅមុខផ្នូរ ។ រូបចម្លាក់នេះមានន័យថា ជាខ្ញុំបម្រើរបស់សពដែលនៅរស់មានជីវភាពធូរធារ ហើយស្លាប់ទៅក៏មានខ្ញុំបម្រើតាមថែរក្សាទៀត ។ នៅពីមុខផ្នូរមានដាក់តាំងក្បាលក្របី ដែលមានស្នែងទាំងពីរ ដើមចេក នៅលើផ្នូរមានដាក់គ្រឿងប្រើប្រាស់ដូចជា ចាន ឆ្នាំង ក្អម ពាង និង វត្ថុប្រើប្រាស់ជាច្រើន។ រីឯដំបូលផ្នូរត្រូវបានតុបតែងលំអដោយក្បូរក្បាច់ ក្រណាត់ និង ពណ៌ក្រហម ព្រមទាំងវត្ថុផ្សេងៗជាច្រើនទៀត ។ ការរៀបចំផ្នូរបែបនេះត្រូវបានគេសម្គាល់ថា ផ្នូរនោះជាផ្នូរខ្មោចអ្នកមាន ។
ចំពោះក្រុមគ្រួសារដែលក្រខ្សត់វិញ មិនមានរៀបចំបុណ្យធំដុំ និង កាប់ក្របីឡើយ ។ ពេលយកសពទៅបញ្ចុះក្នុង ផ្នូរ ពោលគឺមានតែពូនដី និង ដំបូលដោយអត់មានរូបចម្លាក់ ក្បាលក្របី ឬ គ្រឿងប្រើប្រាស់ផ្សេងៗឡើយ ។ បើទោះជាគ្រួសារសពនោះ ថ្ងៃក្រោយមានជីវភាពធូរធារ ក៏មិនអាចទិញសម្ភារ ឬ ធ្វើរូបចម្លាក់ទៅដាក់បានឡើយ ពីព្រោះប្រពៃណីកំណត់ថា កាលសពនោះនៅរស់ខ្វះខាត ពេលស្លាប់ទៅក៏ខ្វះខាតដែលគ្មានអ្វីយកទៅជាមួយបានឡើយ ។
បន្ទាប់ពីបញ្ចុះសពបាន ១២ ខែហើយនោះគឺជាការធ្វើបុណ្យទី២ ។ ក្នុងរយៈពេល ១២ ខែនេះ ក្រុមគ្រួសារសពត្រូវតែទៅថែរក្សា និងបោសសំអាតផ្នូរឲ្យនៅស្អាតល្អជានិច្ច ។ ពិធីបុណ្យលើកទី ២ នេះគឺជាបុណ្យលាគ្នា ឬ ផ្ដាច់ចំណងទាក់ទងគ្នារវាងអ្នកស្លាប់ និង អ្នករស់។ បុណ្យលើកទី ២ នេះ ក៏ត្រូវរៀបចំឡើងទៅតាមលទ្ធភាពរបស់គ្រួសារដែរ។ ក្រោយរៀបចំបុណ្យលើកទី ២ រួចហើយ ក្រុមគ្រួសារ សាច់ញាតិឈប់ទៅមើលផ្នូរសពនោះទៀតហើយដោយទុកចោលទៅតាមធម្មជាតិជារៀងរហូត ។ ផ្នូរខ្មោចត្រូវបានគេសម្គាល់ឃើញថា មានលក្ខណៈខុសគ្នា ដូចជា ផ្នូរមេកន្ទ្រាញ ផ្នូរអ្នកមាន ផ្នូរអ្នកក្រ ផ្នូរស្ត្រីដែលស្លាប់ពេលឆ្លងទន្លេ និង ផ្នូរកូនក្មេងជាដើម ៕
ដោយ ៖ ដេវីត ( រូបថតហ្វេសប៊ុក ម៉ៅ ច័ន្ទដារា )