ទេសភាពកោះស្តេច ពិតជាស្រស់ស្អាតគ្មានពីរ
កោះស្តេច គឺជាកោះធម្មជាតិមួយ ស្ថិតនៅប្រជុំកោះ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ដែលលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រ ដែលមានចម្ងាយជាង ៨១ គីឡូម៉ែត្រពីក្រុងខេមរៈភូមិន ។ ក្រៅពីឆ្នេរខ្សាច់ដ៏ស្រស់ស្អាត កោះស្តេចក៏ជាតំបន់ទេសចរណ៍មួយ និង ជាភូមិរបស់អ្នកនេសាទ ដែលប្រមូលផលសមុទ្រយ៉ាងសម្បូរបែបផងដែរ ដែលមានប្រជានេសាទប្រមាណជា ១ ០០០ គ្រួសាររស់នៅទីនោះ ។
កោះស្តេចហាក់មានអំណោយផលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ដែលកំពុងតែបង្អួតសម្រស់ធម្មជាតិរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសអឺរ៉ុបឱ្យមកលេងកម្សាន្តនៅទីនោះជារៀងរាល់ថ្ងៃ ។
នៅលើកោះស្តេច ភ្ញៀវទេសចរអាចជួលទូកជិះទៅស្ទូចត្រីមុជទឹកសមុទ្រ មើលផ្កាថ្ម និង ប្រព័ន្ធជីវចម្រុះ នៅបាតសមុទ្រ ព្រមទាំងមានទូកយន្តសម្រាប់ដឹក អ្នកទេសចរជាតិ និង អន្តរជាតិពីកោះស្តេច ទៅទស្សនាតំបន់កោះនានាស្ថិតនៅប្រជុំកោះក្បែរៗនោះផងដែរ ។
អ្នករស់នៅលើដែនកោះស្តេចនោះ ពួកគេប្រកបរបរនេសាទ ហើយភ្ញៀវទេសចរ ក៏អាចជិះទូកស្ទួចត្រីបានផងដែរ ការស្ទួចត្រីនៅសមុទ្រ គឺវាខុសគ្នានឹងការស្ទួចត្រីទឹកសាប ។ ទន្ទឹមនឹងនេះ លោកអ្នកក៏អាចមើលថ្ងៃរៀបលិចដ៏ស្រស់ត្រកាលនៅទីនោះ និង ពិសារទឹកដូងយ៉ាងផ្អែមត្រជាក់ចិត្តផងដែរ ៕
ដោយ៖សុថាត់