ជំងឺធ្លាក់ទឹកចិត្ត ជាឃាតកលាក់មុខ សម្លាប់មនុស្សដោយស្ងៀមស្ងាត់បំផុត (វីដេអូ)
ធ្លាប់ពិបាកចិត្ត ធ្លាប់គិតច្រើន កើតទុក្ខស្ទើរគ្រប់ពេលវេលា យល់ថាខ្លួនឯងជាមនុស្សឥតបានការ ចូលចិត្តនៅម្នាក់ឯង ចូលចិត្តនៅកន្លែងងងឹតៗ ភ័យខ្លាច និង បារម្ភច្រើន មានអារម្មណ៍ថាហត់នឿយខ្លាំង ចង់ទៅកន្លែងណាឆ្ងាយ ដែរឬទេ? ទាំងអស់នេះជាសញ្ញានៃជម្ងឺធ្លាក់ទឹកចិត្ត ហើយជម្ងឺធ្លាក់ទឹកចិត្តនេះ នឹងអាចវិវត្តន៍ទៅជាធ្ងន់ធ្ងរបាន ប្រសិនបើយើងមិនបានដោះស្រាយ និង ព្យាបាលអោយទាន់ពេលវេលា។ បច្ចុប្បន្នជម្ងឺធ្លាក់ទឹកចិត្ត បានក្លាយជាឃាតករលាក់មុខ និង អាចសម្លាប់មនុស្សដោយស្ងៀមស្ងាត់បំផុត ។
លោក កៅ សុវណ្ណតារា សាស្ត្រាចារ្យចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា ជំងឺធ្លាក់ទឹកចិត្ត គឺជាការធ្លាក់ចុះនៃអារម្មណ៍ ដែលធ្វើឱ្យបុគ្គល ឬអ្នកមានបញ្ហានេះ មានអារម្មណ៍ក្រៀមក្រំ អស់ជំនឿចិត្ត មិនសប្បាយចិត្ត អស់សង្ឃឹម និង បាត់បង់ការចាប់អារម្មណ៍នូវអ្វីៗជុំវិញខ្លួនឯង ។
លោកសាស្ត្រចារ្យ កៅ សុវណ្ណតារា បានឱ្យដឹងទៀតថា អត្រាដែលមានជំងឺធ្លាក់ទឹកចិត្ត មានការកើនឡើងជាបន្តបន្ទាប់ បើយោងតាមការប្រៀបធៀបជាមួយឆ្នាំមុនៗ ។ លើសពីនេះទៅទៀត យោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការ សុខភាពពិភពលោកកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៧ បានលើកឡើងថា ជម្ងឺធ្លាក់ទឹកចិត្តបានធ្វើអោយខាតបង់សេដ្ឋកិច្ចពិភពលោក ១០០០ កោដដុល្លារក្នុង ១ ឆ្នាំ ។
តាមប្រសាសន៍លោកសាស្ត្រចារ្យដដែលបានបន្តថា ជំងឺធ្លាក់ទឹកចិត្ត បណ្ដាលមកពីមូលហេតុធំៗចំនួន ៤ យ៉ាង ក្នុងនោះកត្ដាទី១ គឺចិត្តសាស្ត្រ ទី២ ជីវសាស្ត្រ ទី៣ កត្តាសង្គម និង ទី៤ កត្តាអតុល្យភាពសារធាតុគីមីនៅក្នុងខួរក្បាល ។
ក្នុងនោះលោកសាស្ត្រចារ្យ កៅ សុវណ្ណតារា បានបញ្ជាក់ថា កត្តាជីវសាស្ត្រ កើតឡើងមកពីតំណពូជ ពោលគឺ បើសិនជាកូនដែលមានឪពុកម្ដាយស្ថិតក្នុងគ្រួសារមានជំងឺធ្លាក់ទឹកចិត្ត នោះវាអាចជំរុញឱ្យកូនមានឱកាសកើតជំងឺនេះរហូតដល់ ៣០ភាគរយ ហើយបើសិនជាឪពុកម្ដាយនោះទៀតសោតធ្លាប់មានប្រវត្តិ ឬរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត នោះអត្រានៃកូនមានឱកាសកើតជំងឺនេះរហូតដល់ ៥០-៧០ភាគរយឯណោះ ។
ដោយឡែកចំពោះកត្ដាចិត្តសាស្ត្រ គឺកើតឡើងពីចិត្តខាងក្នុង និង ខាងក្រៅរបស់បុគ្គល ជាក់ស្ដែងដូចជាការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ហើយចាប់ផ្ដើមគិតអវិជ្ជមានចំពោះខ្លួនឯង ។
ចំណែកកត្តាសង្គមវិញ យុវវ័យបច្ចុប្បន្នមានការប្រឈមច្រើន ដែលកត្តានេះមានពាក់ព័ន្ធជាមួយនឹងកត្តាស្នេហា ការងារ និង ចាប់ផ្ដើមបារម្ភពីរឿងអនាគត មួយផ្នែកទៀតវាក៏អាចកើតឡើងមកពីឥទ្ធិពលគ្រឿងស្រវឹង និង គ្រឿងញៀនផងដែរ ។
រីឯកត្តាទី ៤ អតុល្យភាពសារធាតុគីមីនៅក្នុងខួរក្បាល អាចនិយាយបានថាមកពីការប្រែប្រួលសារធាតុគីមីនៅក្នុងខួរក្បាលដែលមានឈ្មោះម្យ៉ាងហៅថា សេរ៉ូតូនីន បណ្ដាលឱ្យបុគ្គលអស់សង្ឃឹម អស់កម្លាំង មិនឃ្លានអាហារ ពិបាកក្នុងការគេង ឬបរិភោគអាហារផ្សេងៗ ហើយការប្រែប្រួលនៃសារធាតុទាំងនេះ ធ្វើឱ្យបុគ្គលប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ៕
ដោយ៖ បេប៊ី