កម្ពុជា អាមេរិក និង ជប៉ុន រួមគ្នាបង្ហើបសំនៀងជាភាសាខ្មែរ អមភ្លេងដ៏ពីរោះរបស់ចាប៉ីដងវែង (វីដេអូ)
លើកនេះ កម្មវិធី « តោះមើល» បាននាំមកនូវទិដ្ឋភាពប្លែកភ្នែក ព្រមជាមួយអ្នកមានទេពកោសល្យខាងភ្លេងចាប៉ីដងវែងពីប្រទេសទាំង៣ រួមមានកម្ពុជា អារិក និង ជប៉ុន មកបង្ហើបសំនៀងជាភាសាខ្មែរ ។
លោក នូ សំណាង ជាអ្នកលេងចាប៉ីដងវែង ដោយរូបលោកបានសិក្សាផ្នែកនេះតាំងពីឆ្នាំ ២០១២ នៅអង្គការសិល្បៈខ្មែរអមតៈ កញ្ញា Emily Howe ជាអ្នកដឹកនាំតន្ត្រីជនជាតិអាមេរិក រៀនថ្នាក់បណ្ឌិតផ្នែកតន្ត្រី និង ឧបករណ៍ និង លោក Kensuke Inuboshi ជាជនជាតិជប៉ុន រៀនថ្នាក់បណ្ឌិតផ្នែកច្បាប់ ។
លោក នូ សំណាង បានផ្តល់កិច្ចសម្ភាសថា ពិតមែនតែចាប៉ីដងវែងបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីដោយអង្គការយូណេស្កូក៏ពិតមែន តែការលេងភ្លេងចាប៉ីដងវែងហាក់ដូចជាមិនសូវមានប្រជាប្រិយភាពពីសំណាក់យុវវ័យសោះឡើយ លោកបានសំណូមពរ សូមឱ្យមានការជួយគាំទ្រពីមហាជន រួមទាំងរាជរដ្ឋាភិបាល ។
កញ្ញា Emily Howe បានផ្តល់ជាមតិថា វាជារឿងពិបាកក្នុងការបង្កើនប្រជាប្រិយភាពរបស់ចាប៉ីដងវែង តែយើងអាចធ្វើការបណ្តុះការចូលចិត្តរបស់ក្មេងតូចៗឱ្យរៀនលេងចាប៉ីដងវែង នោះពួកគេនឹងចូលចិត្តចាប់អារម្មណ៍ចំពោះតន្ត្រីបុរាណ ។
លោក Kensuke Inuboshi បានបន្ថែមទៀតថា យើងអាចរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងពីតន្ត្រី និង ឧករណ៍ភ្លេងខ្មែរបណ្ដុះការចាប់អារម្មណ៍ក្នុងស្រទាប់យុវជន ក្រៅពីនេះជនបរទេសក៏រួមចំណែកផងដែរ ព្រោះបើជនបរទេសចេះលេងឧបករណ៍តន្ត្រីរបស់ខ្មែរ ក៏ជាហេតុមួយធ្វើឱ្យយុវវ័យវិលមកចាប់អារម្មណ៍ ។
តោះបើចង់ដឹងថា តើការប៉ះគ្នារវាងប្រទេសទាំងបី អមដោយភ្លេងដ៏ពីរោះរបស់ចាប៉ីដងវែង មានទិដ្ឋភាពយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ៕
ដោយ ៖ ខេរី