ធ្លាប់សម្រាលដោយវះហើយ តែចង់ប្តូរមកសម្រាលបែបធម្មជាតិវិញ ត្រូវត្រៀមចិត្តជាមួយហានិភ័យទាំងនេះ !
ការសម្រាលកូនតាមធម្មជាតិ អាចប្រឈមនឹងអត្រាស្លាប់ខ្ពស់ទាំងម្តាយ និង ទារក ប្រសិនបើស្ត្រីជាម្តាយធ្លាប់សម្រាលកូនដោយការវះកាត់ពីមុនមក នេះបើយោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹង ។
បើតាមការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Canadian Medical Association Journal បានឱ្យដឹងថាចំពោះស្ត្រីដែលធ្លាប់មានការវះកាត់បង្កើតកូនច្រើនដង និង មួយដងក្តី គឺពិតជាមានជាប់ទាក់ទងនឹងបញ្ហាសុខភាព និង ប្រឈមអត្រាមរណៈខ្លាំង ប្រសិនបើស្ត្រីមានបំណងចង់បង្កើតកូនតាមលក្ខណៈធម្មជាតិវិញនោះ ព្រោះវានឹងផ្តល់ហានិភ័យប៉ះពាល់ខ្លាំងដល់សុខភាពស្បូន បញ្ហាធ្លាក់ឈាម និង ផលវិបាកផ្សេងៗចំពោះទារក ។
ម្យ៉ាងទៀត ផលវិបាកនៅពេលវះកាត់បង្កើតកូនក្នុងពេលបន្ទាប់ៗក៏មានច្រើនផងដែរ ទាំងម្តាយ និង ទារក ដែលមិនអាចប៉ាន់ស្មានដឹង ។ លទ្ធផលសិក្សានេះអ្នកស្រាវជ្រាវបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើទិន្នន័យនៃស្ត្រីដែលបានវះកាត់សម្រាលកូនក្នុងឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១៥ ក្នុងប្រទេសកាណាដា ។ ដូច្នេះចំពោះស្ត្រីដែលមានបំណងមានកូនជាលើកដំបូងគួរគិតពិចារណា ថាតើគួរវះកាត់ ឬសម្រាលតាមធម្មជាតិ និង មានបំណងយកកូនចំនួនមួយ ឬច្រើន ៕ សុផល (ប្រភព៖ sciencedaily.com)