តើការឡើងទម្ងន់កម្រិតណា ទើបផ្តល់សុវត្ថិភាពដល់កូនក្នុងផ្ទៃ !
យោងតាមការស្រាវជ្រាវថ្មីមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ Heliyon បានឱ្យដឹងថា ស្ត្រីដែលធាត់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះគួរតែសម្រកទម្ងន់ខ្លះ ដើម្បីឱ្យកូនកើតមកមានសុខភាពល្អ គឺផ្ទុយទៅនឹងការណែនាំដែលមានពីមុន ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Centre Hospitalier Université Sud Réunion នៅក្នុងប្រទេសបារាំងបាននិយាយថា គោល ការណ៍ណែនាំបច្ចុប្បន្នសម្រាប់ស្ត្រីដែលមានផ្ទៃពោះ គឺស្ត្រីគួរតែឡើងទម្ងន់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរទាំងចំពោះស្ត្រី និង ទារក ជាពិសេសស្ត្រីដែលមានទម្ងន់ខ្លួនតិច និង ដើម្បីឱ្យទារកកើតមកគ្រប់ទម្ងន់ផងដែរ ។
ប៉ុន្តែដើម្បីធានាថាទារកមានសុវត្ថិភាព និង សុខភាពល្អបំផុតនោះ គេបានរកឃើញថា ស្ត្រីដែលមានផ្ទៃពោះមិនគួរបណ្តាយខ្លួនឱ្យឡើងទម្ងន់ជ្រុលខ្លាំងពេកនោះទេ គឺត្រូវកំណត់ឱ្យបានសមរម្យទៅនឹងសន្ទស្សន៍នៃទម្ងន់ខ្លួន (BMI) ដែលគោលការណ៍នេះត្រូវបានណែនាំរួចមកហើយតាំងពីឆ្នាំ ២០០៩ ដោយវិទ្យាស្ថានវេជ្ជសាស្ត្រសហរដ្ឋអាមេរិក ៕ សុផល (ប្រភព៖ sciencedaily.com)