ស្រ្តីមានផ្ទៃពោះស្រូបខ្យល់ពុល ធ្វើឱ្យទារកកើតមកប្រឈមបញ្ហាលើសឈាម
ទារកក្នុងផ្ទៃដែលទទួលរងផលប៉ះពាល់កម្រិតនៃការបំពុលខ្យល់ក្នុងអំឡុងត្រីមាសទី ៣ នៅពេលអ្នកម្តាយកំពុងពរពោះ អាចប្រឈមហានិភ័យខ្ពស់នៃការកើនឡើងសម្ពាធឈាមនៅពេលឈានដល់កុមារភាព នេះបើយោងតាមការសិក្សាថ្មីមួយនៅ American Heart Association’s Hypertension បានឱ្យដឹង ។
សមាសធាតុតូចល្អិតទំហំ ២.៥ មីក្រុង ឬតិចជាងនេះ (PM ២.៥) អាចចាត់ទុកថាជាសមាសធាតុពុលក្នុងបរិកាស ដែលភាគច្រើនវាបន្សល់មកពីផ្សែងរថយន្ត ការដុតប្រេង ធ្យូងថ្ម និង ជីវម៉ាសជាដើម ហើយនៅពេលវាជ្រាបចូលក្នុងប្រព័ន្ធឈាមហើយនោះ វានឹងប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សមិនខាន ។
ការស្រាវជ្រាវពីមុនៗមក គេបានរកឃើញថា ការប៉ះពាល់ដោយផ្ទាល់ទៅនឹងការបំពុលបរិយាកាសពិតជាមានការផ្សារភ្ជាប់ជាមួយនឹងការឡើងសម្ពាធឈាមខ្ពស់ចំពោះកុមារ និង មនុស្សពេញវ័យ ហើយវាគឺជាកត្តារួមចំណែកដ៏សំខាន់បណ្តាលឱ្យឈឺ និង ឈានដល់ស្លាប់ក្នុងចំណោមកុមារ និង មនុស្សពេញវ័យដោយមិនដឹងខ្លួន ៕ សុផល (ប្រភព៖ sciencedaily.com)