មេរោគដំបៅរលួយស៊ីសាច់ កំពុងផ្ទុះឡើងជាថ្មីនៅក្នុងប្រទេសអូស្ត្រាលី
អាជ្ញាធរសុខាភិបាលក្នុងប្រទេសអូស្ត្រាលីកាលពីដើមសប្តាហ៍នេះបានចេញសេចក្តីព្រមានមួយពីមេរោគម្យ៉ាងដែលបង្កឱ្យកើតមានដំបៅនិង ស៊ីខូងសាច់ ដែលទៀមទារឱ្យមានការសិក្សាផ្នែកវិទ្យាសាស្ត្រជាបន្ទាន់ចាំបាច់មួយ ។
នៅក្នុងរបាយការណ៍រួមមួយធើ្វឡើងដោយអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និង ឧស្សាហកម្ម Commonwealth Scientific and Industrial Research (CSIRO) និង សេវាផ្តល់ការថែទាំសុខភាព Barwon Health បានបង្ហាញឱ្យដឹងថាដំបៅរលួយឈ្មោះ Buruli ពិតជាមានការកើនឡើងគួរឱ្យបារម្ភពិតមែននៅក្នុងប្រទេសអូស្ត្រាលី ។
ដំបៅនេះបណ្តាលឱ្យជាលិការលួយ ត្រូវបានគេរកឃើញធ្លាប់កើតមានជាទូទៅនៅក្នុងទ្វីបអាហ្វ្រិកតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាបានឆ្លងចូលដល់តំបន់ខ្លះនៅ Victoria ក្នុងប្រទេសអូស្ត្រាលីហើយ ។
គួររំឮកដែរថាក្នុងឆ្នាំ ២០១៦ នៅក្នុងប្រទេសអូស្ត្រាលីមានករណីជំងឺនេះចំនួន ១៨២ ករណីដែលជាចំនួនខ្ពស់បំផុត ។ ប៉ុន្តែករណីនេះបានកើនឡើង ៥១ ភាគរយនៅចុងឆ្នាំ ២០១៧ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ ៕ សុផល
ប្រភព៖ zeenews.com