អស្ចារ្យមែន! រូបលើកំប៉ុងនីមួយៗរបស់ កូកា-កូឡា ដើម្បីអបអរក្នុងឱកាស «បុណ្យចូលឆ្នាំខ្មែរ» បង្កប់អត្ថន័យមិននឹកស្មានដល់ !
រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន កូកា-កូឡា បានបញ្ចេញការរចនាកំប៉ុងថ្មី សម្រាប់ជូនជាកាដូដ៏មានតម្លៃ និង មានអត្ថន័យដល់អតិថិជនក្នុងការចែករំលែកពេលវេលាល្អៗ ភាពសប្បាយរីករាយ និង សុភមង្គលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ។
ការរចនាកំប៉ុងស្នាដៃសិល្បៈថ្មីនោះ ទាំងអស់មាន ៣ ម៉ូដ ដោយការរចនានីមួយៗ បង្ហាញពីនិមិត្តសញ្ញា រចនាប័ទ្ម (ស្ទីល) និង អត្ថន័យ ៣ ផ្សេងៗគ្នា ដែលបានរចនាឡើងយ៉ាងសម្រិតសម្រាំង ផ្ចិតផ្ចង់ និង យកចិត្តទុកដាក់ជាទីបំផុតពីសិល្បករខ្មែរ ៤ រូប ។ ស្នាដៃសិល្បៈទាំងនោះរួមមាន ៖ បេះដូង គោមផ្កាយ និង ផ្កាម្លិះ ។
ជាមួយគ្នានេះដែរ ក្រុមការងារយើងក៏បានសុំជួបសម្ភាសន៍ជាមួយសិល្បករដែលពួកគាត់បានរចនារូបនៅលើកំប៉ុងកូកា-កូឡា ថ្មី ទាំងអស់នេះផងដែរ ៖
លោក សន ករុណា រចនារូបគោមផ្កាយ « តំណាងឲ្យជូនពរជ័យសិរីមង្គល »
លោក ករុណា មានអាយុ ២៣ ឆ្នាំ ។ លោកទើបតែបញ្ចប់ការសិក្សាផ្នែក Interior Design នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ លោកមានជំនាញខាងគំនូរប្រពៃណីខ្មែរ និង គំនូរ doodle ។ ស្នាដៃសិល្បៈរបស់លោក ករុណា ដែលបានដាក់តាំងនៅតាមជញ្ជាំង ហាងកាហ្វេ ហាងទំនិញ ការិយាល័យ និង ភោជនីយដ្ឋាននានា ។
សំណួរ: តើកត្តាអ្វីដែលជំរុញអ្នកឱ្យមានគំនិតនេះ ? ហើយតើអ្នករចនាវាដោយរបៀបណា ?
ចម្លើយ: ស្របទៅនឹងប្រធានបទ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីរបស់ក្រុមហ៊ុន កូកា-កូឡា គឺ « ការថែរក្សា ឬ ការយកចិត្តទុកដាក់ » ការបំផុសគំនិតសម្រាប់ការរចនានេះ គឺផ្អែកទៅលើគោមរូបផ្កាយដែលមានប្រជាប្រិយភាព និង ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ។ ខ្ញុំបានរចនាវាឡើង ក្នុងគោលបំណងដើម្បីបង្ហាញឱ្យឃើញនូវក្បាច់ភ្ញីទេសរបស់ខ្មែរ ( ភាគច្រើនឃើញមាននៅតាមជញ្ជាំងប្រាសាទ ) និង បញ្ចូលវាជាមួយ កូកា-កូឡា ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី ។ ស្នាដៃសិល្បៈនេះ គឺជាការច្នៃប្រឌិតរបស់ខ្មែរសុទ្ធសាធ ។
សំណួរ: តើនិមិត្តសញ្ញានីមួយៗ មានសារសំខាន់យ៉ាងណាចំពោះបុណ្យចូលឆ្នាំខ្មែរ ?
ចម្លើយ: បុណ្យចូលឆ្នាំខ្មែរមានន័យថា ការចាប់ផ្តើមថ្ងៃថ្មី ពេលវេលាថ្មី និង ជោគជ័យថ្មីរបស់ប្រជាជនកម្ពុជា ។ ក្នុងឱកាសនេះ យើងតែងតែជូនពរគ្នាឲ្យជួបតែសំណាងល្អ និង ជោគជ័យពេញមួយឆ្នាំ ។ នៅក្នុងការរចនានេះក្បាច់ភ្ញីទេសរបស់ខ្មែរ បង្កប់នូវអត្ថន័យនៃភាពរស់រវើក ភាពសមសួន រមទម្យ និង ភាពស្មោះត្រង់ ។ ដៃបង្ហាញកាយវិការនៃការជូនពរជ័យជាមួយដប កូកា-កូឡា ស្ថិតនៅចំកណ្តាល ។ យើងបង្ហាញដល់អ្នកគ្រប់គ្នាឲ្យបានដឹងថា ក្រុមហ៊ុន កូកា-កូឡា សូមជូនពរដល់បងប្អូនខ្មែរគ្រប់គ្នាឱ្យជួបប្រទះតែសំណាងល្អ និង ភាពជោគជ័យថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំនេះ ។
សំណួរ: តើអ្នករចនាវាដោយប្រើអស់រយៈពេលប៉ុន្មានដែរ ?
ចម្លើយ: ទាំងការរិះរកគំនិត ការរចនា និង ការអភិវឌ្ឍនៃស្នាដៃសិល្បៈនេះ ខ្ញុំបានចំណាយពេលជិត ២ សប្តាហ៍ ដើម្បីបញ្ចប់កិច្ចការងារនេះ ។ វាគឺជាគម្រោងដ៏គួរឱ្យស្ញប់ស្ញែងមួយ ដែលក្នុងនាមខ្ញុំជាសិល្បករម្នាក់បានសហការជាមួយនឹងក្រុមហ៊ុន កូកា-កូឡា ហើយខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណ និង ចែករំលែកនូវស្នាដៃប្រពៃណីខ្មែរក្រោមប្រធានបទ « ការថែរក្សា ឬការយកចិត្តទុកដាក់ » នេះដើម្បីចូលរូមប្រារព្ធពិធីចូលឆ្នាំខ្មែរនៅឆ្នាំនេះផងដែរ ។
លោក ចាន់ សំអន រូបបេះដូង « តំណាងឲ្យសេចក្តីស្រឡាញ់ »
លោក សំអន មានអាយុ ៣១ ឆ្នាំ លោកបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញខាងគំនូរ ។ ការងាររបស់គាត់ ភាគច្រើនត្រូវបានប្រើនៅក្នុងវិស័យផ្សាយពាណិជ្ជកម្ម និង ទំនាក់ទំនង ដូចជា ៖ ប្រក្រតិទិន ខិត្តប័ណ្ណ ផ្ទាំងរូបភាព និង ផ្ទាំងប៉ាណូ ជាដើម ។
សំណួរ: តើកត្តាអ្វីដែលជំរុញអ្នកឲ្យមានគំនិតនេះ ? ហើយតើអ្នករចនាវាដោយរបៀបណា ?
ចម្លើយ: អ្វីដែលបំផុសគំនិតខ្ញុំក្នុងការបង្កើតស្នាដៃសិល្បៈនេះ គឺគំនិតនៃ « សេចក្តីស្រឡាញ់ » ។ សេចក្ដីស្រឡាញ់ មានភាពទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងចំណងគ្រួសារ ។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រជាជនខ្មែរនឹងធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានាដើម្បីចំណាយពេលជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ។ ទង្វើបង្ហាញពីសេចក្តីស្រឡាញ់នេះ នឹងធ្វើឲ្យមនុស្សកាន់តែមានភាពជិតស្និទ្ធរវាងគ្នានឹងគ្នា ។ ជាមួយនឹងគំនិតនេះ ខ្ញុំបានសម្រេចចិត្តបង្កើតវាជារាងបេះដូងចេញពីដៃអប្សរា ។ អប្សរា គឺជាលក្ខណៈដ៏ល្អឯក និង មានតែមួយគត់នៅប្រទេសកម្ពុជា ហើយដើម្បីភ្ជាប់ជាមួយនឹងគំនិតនៃ « សេចក្តីស្រឡាញ់ » ខ្ញុំក៏បានបង្កើតវាឡើងជារាងបេះដូងនេះ ។
ដៃស្តាំតំណាងឲ្យផ្លែឈើ ហើយដៃឆ្វេងតំណាងឲ្យស្លឹក ។ ដោយរួមបញ្ចូលគ្នាជាមួយក្បាច់ភ្ញីទេស ស្នាដៃសិល្បៈនេះតំណាងឲ្យភាពចម្រុងចម្រើនរុងរឿង ។ គំនិតនេះ បានអនុញ្ញាតឱ្យខ្ញុំអាចបង្កើតការរចនានេះឡើងដោយផ្អែកលើប្រធានបទឆ្នាំថ្មីរបស់ក្រុមហ៊ុន កូកា-កូឡា នៅឆ្នាំនេះ ។ ទាំងនេះវាជាការ «បង្ហាញពីទង្វើនៃការថែរក្សា និង ការយកចិត្តទុកដាក់ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក» ។
សំណួរ: តើនិមិត្តសញ្ញានីមួយៗ មានសារសំខាន់យ៉ាងណាចំពោះបុណ្យចូលឆ្នាំខ្មែរ ?
ចម្លើយ: ស្នាដៃសិល្បៈដែលខ្ញុំបានបង្កើតឡើងនេះ តំណាងឲ្យសេចក្តីស្រឡាញ់ និង ការរីកចម្រើនជាមួយដៃអប្សរាមានរាងបេះដូង ។ ក្តីស្រឡាញ់ និង ការរីកចម្រើន គឺមានសារសំខាន់ណាស់សម្រាប់ ប្រជាជនកម្ពុជា ហើយបង្ហាញថាយើងគួរសប្បាយរីករាយនារដូវបុណ្យចូលឆ្នាំខ្មែរ ។ ប្រសិនបើយើងមើលលើដៃ វាគឺជារបាំព្រះរាជទ្រព្យ ដែលជាការរាំដើម្បីថ្វាយព្រះពរ ឬ ជូនពរ ។ ដូច្នេះដៃអប្សរារួមផ្សំជាមួយក្បាច់ភ្ញីទេសរួមគ្នាក្នុងរូបភាពមួយនោះមានន័យថា ការជូនពរជ័យ និង សុភមង្គលដល់ប្រជាជនកម្ពុជាទាំងអស់ ។
សំណួរ: តើអ្នករចនាវាដោយប្រើអស់រយៈពេលប៉ុន្មានដែរ ?
ចម្លើយ: ខ្ញុំចំណាយពេលជាងមួយខែដើម្បីបង្កើតការរចនានេះ ។ ខ្ញុំបានផ្តោតសំខាន់លើភាពលម្អិត និង អត្តសញ្ញាណនៃស្នាដៃសិល្បៈរបស់ខ្ញុំ ដូច្នេះហើយទើបយើងអាចទទួលបានការរចនាដ៏ល្អឥតខ្ចោះបែបនេះ ។
កញ្ញា ម៉ម លីសា និង លោក PEAP TARR រូបផ្កាម្លិះ «តំណាងឲ្យការចែករំលែកសំណាង និង ភាពរីករាយ»
កញ្ញា លីសា គឺជាស្ត្រីខ្មែរដំបូងគេបង្អស់ ដែលមានជំនាញជាអ្នករចនាគំនូរលើជញ្ជាំងដ៏មានប្រជាប្រិយភាពបំផុតនៅកម្ពុជា ដែលបានបង្ហាញស្នាដៃរបស់ខ្លួនទាំងក្នុងនឹងក្រៅប្រទេស ហើយនិងលោក Peap បានបង្កើតស្នាដៃបែបសិល្បៈឲ្យ Black Grace Dance Theatre ក្នុងប្រទេសនូវែលសេឡង់ សម្រាប់ការសម្តែងនៅក្នុងកម្មវិធីគម្រប់ខួប ២០ ឆ្នាំ របស់ Black Grace ដែលមានចំណងជើងថា SIVA ។
សំណួរ: តើកត្តាអ្វីដែលជំរុញអ្នកឱ្យមានគំនិតនេះ ? ហើយតើអ្នករចនាវាដោយរបៀបណា ?
ចម្លើយ: ឆ្នាំនេះក្រុមហ៊ុន កូកា-កូឡា ចង់លើកទឹកចិត្តប្រជាជនកម្ពុជាឱ្យបង្ហាញពីការថែរក្សា និង យក ចិត្តទុកដាក់រវាងគ្នាទៅវិញទៅមកក្នុងការឱកាសប្រារព្ធពិធីចូលឆ្នាំខ្មែរ ។ ការប្រារព្ធពិធីនេះ នាំមកនូវក្ដីរីករាយ និង សុភមង្គលដល់ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ។ ដូច្នេះ ការបំផុសគំនិតរបស់យើងគឺ ផ្អែកលើការរចនាផ្កាម្លិះ ។ យើងបានរួមបញ្ចូលគ្នានូវការរចនា បែបប្រពៃណីខ្មែររបស់យើងជាមួយនឹងប្រធានបទរបស់ក្រុមហ៊ុន កូកា-កូឡា ដោយបង្កើតបានជា ផ្កាម្លិះរីកស្គុះស្គាយសាយក្លិនពិដោរឈ្ងុយឈ្ងប់ ដែលបង្កើតជាវណ្ឌដប កូកា-កូឡា។
សំណួរ: តើនិមិត្តសញ្ញានីមួយៗ មានសារសំខាន់យ៉ាងណាចំពោះបុណ្យចូលឆ្នាំខ្មែរ ?
ចម្លើយ: ផ្កាម្លិះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការប្រារព្ធពិធីចូលឆ្នាំខ្មែរ ។ វាជារូបតំណាងនាំឱ្យភាពបរិសុទ្ធ សំណាង និង ភាពរុងរឿងដល់ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិពេញមួយឆ្នាំ ។ វាក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយ សម្រាប់ការបួងសួងសុំសេចក្តីសុខចម្រើនក្នុងអំឡុងពេលចូលឆ្នាំថ្មី និង ដើម្បីចែករំលែកសុភមង្គលពេញមួយឆ្នាំផងដែរ ។ ជាមួយនឹងការរចនារបស់យើង យើងចង់ឲ្យគ្រប់គ្នានឹកឃើញដល់រូបតំណាងនេះជាផ្នែកមួយដ៏សំខាន់នៃការប្រារព្ធពិធីចូលឆ្នាំថ្មីនាឆ្នាំនេះ ។
សំណួរ: តើអ្នករចនាវាដោយប្រើអស់រយៈពេលប៉ុន្មានដែរ ?
ចម្លើយ: ទាំង លីសា ទាំងខ្ញុំ បានផ្លាស់ប្តូរគំនិតគ្នា និង បានរចនាស្នាដៃសិល្បៈចំនួន ២ ឬ ៣ ដែរ ។ ដំបូងពួកយើងគិតថា នឹងធ្វើវាឱ្យមានលក្ខណៈស្មុគស្មាញបន្តិច ប៉ុន្តែនៅទីបំផុតយើងក៏នឹកឃើញថា យើងត្រូវតែរចនាវាតាមបែបសាមញ្ញៗវិញ ដើម្បីឱ្យវាមើលទៅសមល្អនៅលើកំប៉ុង កូកា-កូឡា ។ វាមានឧបសគ្គតិចតួចពេលបង្កើតស្នាដៃនេះ ព្រោះកន្លងមកពួកយើងធ្លាប់តែមានបទពិសោធន៍ច្រើនគូររូបធំៗ នៅលើជញ្ជាំងដ៏ធំ តែនៅពេលនេះ វាពិតជាធ្វើឱ្យពួកយើងចាប់អារម្មណ៍ និង ពេញចិត្តមែនទែនក្នុងការបង្កើតស្នាដៃសិល្បៈនៅលើទីតាំងតូចមួយបែបនេះ ។ យើងបានចំណាយពេលមួយសប្ដាហ៍ប៉ុណ្ណោះ ដើម្បីធ្វើកិច្ចការងារនេះឲ្យចប់រួចរាល់ ។
ក្រុមហ៊ុន កូកា-កូឡា មានការជឿជាក់យ៉ាងខ្លាំងលើសមត្ថភាព និង ភាពច្នៃប្រឌិតរបស់យុវជនខ្មែរ ដូច្នេះហើយទើបក្រុមហ៊ុនបានសហការជាមួយសិល្បករខ្មែរ ៤ រូប ដ៏មានទេពកោសល្យ និង ជំនាញដើម្បីរចនាកំប៉ុង កូកា-កូឡា ។ ស្នាដៃសិល្បៈនេះបង្ហាញពីនិមិត្តសញ្ញា រចនាប័ទ្ម (ស្ទីល ) និង អត្ថន័យខុសៗគ្នា ។ ស្នាដៃនេះក៏មានបំណងក្នុងការរំលេចឡើង និង លើកកម្ពស់វប្បធម៌ដ៏ល្អផូរផង់ និង សម្បូរបែបរបស់ខ្មែរ និង ជាការជំរុញឱ្យអតិថិជនបានចែករំលែកពេលវេលានៃភាពសប្បាយរីករាយជាមួយគ្នាក្នុងឱកាសឆ្នាំថ្មី ៕