ព្រីបាយអូទីក នៅក្នុងទឹកដោះគោម្សៅអាចជួយពង្រឹងការចងចាំរបស់ទារក
ទឹកដោះម្តាយត្រូវបានគេចាត់ទុកថាជាប្រភពដ៏ល្អបំផុតសម្រាប់បំបៅកូន និង ជួយឱ្យកុមារលូតលាស់ទាំងរាងកាយ និង ពង្រឹងសុខភាពរបស់ពួកគេ ដោយឡែកចំពោះម្តាយមួយចំនួនដែលមានការលំបាក និង មិនមានទឹកដោះបំបៅទារកគ្រប់គ្រាន់តែងជ្រើសទឹកដោះគោម្សៅជំនួស ។ ប៉ុន្តែបើតាមការស្រាវជ្រាវការប្រើទឹកដោះគោម្សៅក៏មិនអន់នោះដែរ ព្រោះវាមានផ្ទុកសារធាតុ ព្រីបាយអូទីក (prebiotics) ដែលមានរូបមន្តផ្សំពិសេសជួយបង្កើនការចងចាំ និង ការរៀនសូត្ររបស់ទារកនៅពេលធំបានល្អប្រសើរ ។
គួរបញ្ជាក់ថាផលប្រយោជន៍មួយចំនួនរបស់ទឹកដោះម្តាយគឺមានប្រភពធម្មជាតិនៃសារធាតុ prebiotics អាហារកាកសរសៃ និង សារធាតុចាំបាច់មួយចំនួនអាចជួយជំរុញការលូតលាស់ និង កម្ចាត់បាក់តេរីអាក្រក់ បង្កើតបាក់តេរីល្អនៅក្នុងពោះវៀនរបស់ទារកដែលមិនមាននៅក្នុងទឹកដោះគោរូបមន្តធម្មតា ។
ប៉ុន្តែតាមការស្រាវជ្រាវថ្មីនៃសារធាតុ ព្រីបាយអូទីក នៅក្នុងទឹកដោះគោម្សៅត្រូវបានគេជឿថាអាចជួយបង្កើនកម្រិតការចងចាំរបស់ទារកបានប្រសើរ ពីព្រោះគេបានសិក្សាទៅលើកូនជ្រូកទើបកើត ដោយផ្តល់សារធាតុ prebiotics នេះ និង សិក្សាទៅរកឃើញថាវាពិតជាជួយបង្កើនកម្រិតសតិប្រាជ្ញាពិតមែន។ បើទោះជាយ៉ាងនេះក្តី គេនៅមិនទាន់បានសិក្សាទៅលើទារកផ្ទាល់នៅឡើយ ដូច្នេះអ្នកម្តាយគួរតែបន្តបំបៅដោះដល់ទារកឱ្យបានតាមលទ្ធភាពដែលអាចធ្វើទៅបាន ៕ សុផល (ប្រភព៖ zeenews.com)