កុមារគេងមិនបានគ្រប់គ្រាន់ ប្រឈមនឹងបញ្ហាអ្វីខ្លះ?
ក្មេងៗមួយចំនួនក្នុងសម័យបច្ចេកវិជ្ជានេះតែងតែត្អូញត្អែរច្រើនអំពីការគេងមិនបានគ្រប់គ្រាន់ ។ យោងតាមអ្នកស្រាវជ្រាវពីបញ្ហានេះបានព្រមានដល់ឪពុកម្តាយឱ្យដឹងថា ការគេងមិនគ្រប់គ្រាន់របស់កុមារ និង ក្មេងជំទង់អាចមានហានិភ័យខ្ពស់បង្កវិបត្តិផ្លូវអារម្មណ៍ និង ជំងឺធ្លាក់ទឹកចិត្ត ។
លោក Peter Franzen មកពីសាកលវិទ្យាល័យ Pittsburgh ក្នុងសហរដ្ឋអាមេរិកដែលបានដឹកនាំការស្រាវជ្រាវនេះក៏បានបង្ហាញឱ្យដឹងថា ក្មេងជំទង់ដែលមានបញ្ហាកង្វះដំណេកអាចបណ្ដាលឱ្យពួកគេឈានចូលប្រឡូកក្នុងសកម្មភាពគ្រោះថ្នាក់ និង ប្រព្រឹត្តថ្នាំញៀនជាដើម ។
ហេតុផលនៃបញ្ហានេះគឺដោយសារការគេងមិនបានគ្រប់គ្រាន់ ហើយយូរៗទៅ វានឹងប៉ះពាល់ដល់សមត្ថភាពនៃខួរក្បាលដែលជាផ្នែកមួយដើរតួដ៏សំខាន់ក្នុងសកម្មភាពប្រចាំថ្ងៃ និង ការសិក្សា ។ កង្វះដំណេកបានធ្វើឱ្យខួរក្បាលមានសកម្មភាពស្ពឹកស្រពន់ និង ចុះខ្សោយសមត្ថភាពប្រាជ្ញា ។
ការស្រាវជ្រាវនេះត្រូវបានធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៦ នៅមហាវិទ្យាល័យ College of Neuropsychopharmacology នៅ California ដោយក្រុមស្រាវជ្រាវបានសិក្សាទៅលើកុមារដែលមានអាយុចាប់ពី ១១ ឆ្នាំ ទៅ ១៥ ឆ្នាំ ៕ សុផល