សាមសុង បើកហាងទំនើបសាខាថ្មី ស្របតាមការកើនឡើងនៃតម្រូវការរបស់អតិថិជននៅភ្នំពេញ
ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការប្រើប្រាស់ផលិត ផលអេឡិចត្រូនិចនៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានបើកសាខាហាងទំនើបថ្មីមួយទៀតនៅក្នុងទីក្រុងភ្នំពេញ ។ ក្រុមហ៊ុនសាមសុង បានរៀបចំពិធីសម្ពោធជាផ្លូវហាងទំនើប សាមសុង ដែលមានទីតាំងតាមបណ្តោយផ្លូវម៉ៅសេទុង ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៧ ដោយមានវត្តមាននាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិច និង ឯកឧត្តម ហ៊ុន ម៉ាណែត ចូលរួមកាត់ខ្សែបូរផងដែរ ។
អ្នកស្រី ឆាយ នីកា ម្ចាស់អាជីវកម្ម KM Center បានមានប្រសាសន៍ថា ហាងទំនើប សាមសុងសាខាម៉ៅសេទុងនេះ គឺជាហាងទំនើបមួយដែលមានលក់ទាំងផលិតផលទូរស័ព្ទដៃ ទាំងឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ដូចជាទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ និង ម៉ាស៊ីនបោកគក់ ជាដើម ។ អ្នកស្រី នីកា បានមានប្រសាសន៍ថា «ឧបករណ៍អេឡិចត្រូនិច និង ទូរស័ព្ទដៃម៉ាក សាមសុង កំពុងទទួលបានការពេញនិយមគាំទ្រកាន់តែខ្លាំងនៅក្នុងទីផ្សារកម្ពុជា ដូច្នេះយើងត្រូវការបើកសាខាបន្ថែមទៀត ដូចជានៅក្នុងថ្ងៃនេះ» ។ លោកស្រីបានបន្ថែមថា «យើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលមានវត្តមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់កិត្តិយសចូលរួមនៅក្នុងពិធីបើកសម្ពោធហាងថ្មីរបស់យើងខ្ញុំនៅក្នុងថ្ងៃនេះ» ។
បើតាមប្រសាសន៍របស់លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា «នេះគឺជាហាងទំនើប សាមសុង ទី ៦ នៅភ្នំពេញ ឬជាហាងទំនើប សាមសុង ទី ១០ សម្រាប់ទូទាំងប្រទេស ដែលដាក់លក់ផលិតផលអេឡិចត្រូនិចជាមួយនឹងការធានាពីក្រុមហ៊ុន សាមសុង បន្ថែមលើការគាំទ្រពីសំណាក់ហាងលក់រាយរបស់អាជីវកររាប់ពាន់ ដែលតែងតែផ្តល់ការគាំទ្រដល់ផលិតផល សាមសុង របស់យើងរហូតរៀងមក» ។
លោក Seungho Choi បានមានប្រសាសន៍ថា «ពិធីបើកសម្ពោធហាងទំនើបសាខាថ្មីនេះ គឺបង្ហាញពីការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាបង្ហាញពីទំនុកចិត្តរបស់វិនិយោគិន ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន» ។ លោកបានបន្តថា «ដើម្បីតបស្នងទៅដល់កម្ពុជាវិញ ក្រុមហ៊ុនសាមសុងថៃអេឡិចត្រូនិចសាខាកម្ពុជា តែងតែគិតគូរយ៉ាងម៉ត់ចត់អំពីផលប្រយោជន៍ទូទៅរបស់គ្រប់ភាគីទាំងអស់រួមមាន អ្នកប្រើប្រាស់ អាជីវករលក់រាយ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ» ៕