នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែ បានជូនដំណឹងឱ្យបានដឹងថា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៤ ល្ងាច មានអាខោនផេកហ្វេសប៊ុកបានផុសវីដេអូពីសកម្មភាពក្មេងស្រី ០៣ នាក់ នៅចំណុចខាងមុខសាលាអនុវិទ្យាល័យខ្វាន់ស៊ាមសង្កែ មានករណីជិះម៉ូតូជ្រេនៅលើដងផ្លូវ បង្កឡើងដោយក្រុមក្មេងសិស្សសាលា។


សមត្ថកិច្ចនគរបាលរដ្ឋបាលសង្កែ បានឱ្យដឹងថា បន្ទាប់ពីបានឃើញការចែកចាយវីដេអូនេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កែបានសហការជាមួយកម្លាំងជំនាញស្រុក ចុះស្រាវជ្រាវ និង កំណត់អត្តសញ្ញាណបានក្រុមក្មេងស្រី ០៣ នាក់។ នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីទាំង ០៣ នាក់ បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូជ្រេចុះជ្រេឡើងនៅលើដងផ្លូវពិតប្រាកដមែន។

ក្រោយពីស្ដាប់ចម្លើយសារភាពរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា និង ឱ្យអាណាព្យាបាលមកធានាយកទៅអប់រំណែនាំបន្ត រីឯមធ្យោបាយធ្វើដំណើរ សមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលសង្កែរយៈពេលបីខែ៕


