ជារឿងដ៏គួរឱ្យស្លុតចិត្ត និង នឹកស្មានមិនដល់ នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ សារព័ត៌មានក្នុងស្រុក បានចុះផ្សាយពីករណី ស្ត្រីជាបុគ្គលិកធនាគារ CO មួយរូប ត្រូវបានគេសម្លាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈផេកសារព័ត៌មានក្នុងស្រុក Fresh news Daily បានបញ្ជាក់នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឱ្យបានដឹងថា នៅថ្ងៃនេះ សមត្ថកិច្ចរកឃើញករណីឃាតកម្មសម្លាប់បុគ្គលិកធនាគារមួយរូប ជា CO ភេទស្រី កើតហេតុនៅចំណុចភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមប្រភពបានឱ្យដឹងទៀតថា ខណៈនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវទៅលើករណីខាងលើ និង បានគាស់សាកសពដើម្បីធ្វើកោសល្យវិច្ច័យស្វែងរកការពិតផងដែរ។ យ៉ាងណាមិញ នេះគ្រាន់តែជាព័ត៌មានបឋមដែលទទួលបាន សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងនឹងជម្រាបជូននៅពេលក្រោយ។

សូមរំឭកផងដែរថា ថ្មីៗនេះ ក្រុមគ្រួសារបានបង្ហោះសារស្វែងរកជនរងគ្រោះខាងលើ ដែលករណីបាត់ខ្លួននៅវេលាម៉ោង 3 រសៀល នាងជាបុគ្គលិកធនាគារបានដើរទារលុយគេ ដោយក្រុមគ្រួសារដើរស្វែងរកគ្រប់ច្រកល្ហកអស់ហើយមិនទាន់ឃើញទេ។ សង្ស័យបាត់ខ្លួននៅម្ដុំឃុំស្វាយភ្លើង ឈ្មោះ ហ៊ីម ទីណា អាយុ ២២ ឆ្នាំ រស់នៅភូមិឬស្សីល ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ៕
