ជាការពិតណាស់ មហាជនតាមដានពីលោក ហេង វិសាល និង ភរិយា គឺអ្នកនាង ជា ស្រីនា និង ក្រុមគ្រួសារ កាលពីកន្លងទៅច្បាស់ជាបានជ្រាបហើយ ពីការបង្កើតមូលនិធិ នៃការជួយដល់ជនភៀសសឹក និង កងកម្លាំងឈរជើងនៅតាមបន្ទាប់ព្រំដែន អំឡុងពេល កម្ពុជាផ្ទុះសង្គ្រាមជាមួយនឹងប្រទេសថៃ។

កាលនោះ លោក ហេង វិសាល និង អ្នកនាង ជា ស្រីនា ក៏មិនខុសពីម្ចាស់មូលនិធិដទៃទៀតដែរ ដែលត្រូវបានមហាជនមួយចំនួនជីកសួរដេញដោលពីចំណូលចំណាយ រហូតមានខ្លះចោទថាមានការកឹបកេងថែមទៀតផង។ យ៉ាងណាមិញ លោក ហេង វិសាល និង ភរិយា ក៏មិននៅស្ងៀម ក៏ចេញមកច្រានចោលការចោទប្រកាន់ភ្លាមៗដែរ។

ដោយឡែក ស្របពេលប្រជាជននៅភូមិព្រៃចាន់ បាន និង កំពុងជម្លៀសខ្លួនមករកទីសុវត្ថិភាពជាថ្មី ខណៈទាហានថៃបានបាញ់ប្រហារកាលពីថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ ២០២៥ កន្លងទៅនោះ លោក ហេង វិសាល ក៏បានចេញមកប្រាប់ពីការជួយរបស់លោក ដល់ជនភៀសសឹក ជនរងគ្រោះ និង អ្នករងរបួសក្នុងហេតុការណ៍ខាងលើដែរ។

យ៉ាងណាក៏ដោយ លើកនេះ លោក ហេង វិសាល មិនបានប្រកាសប្រមូលមូនិធិជាថ្មីនោះទេ គឺលោកបានយកប្រាក់ជំនួយ នៅសល់កន្លងមក ជួយតាមរយៈលោក តាំង គឹមឡេង និង ក្រុមសប្បុរធម៌ផ្សេងវិញ។ លើសពីនោះ លោក ហេង វិសាល ក៏បានបង្កើតតេឡេក្រាម ដើម្បីបង្ហាញពីការចំណាយ និង ទឹកប្រាក់ជំនួយ ដែលនៅសល់កាលពីលើកមុនជាសាធារណៈទៀតផង។

តាមរយៈសំណេររបស់លោក ហេង វិសាល បានរៀបរាប់ថា៖ «ម្សិលមិញនេះ គឺជាថ្ងៃដែលឈឺចាប់របស់បងប្អូនខ្មែរយើងទាំងអស់ ដែលសុខៗប្រទេសថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជាយើងរហូតដល់មានបងប្អូនខ្មែរស្លូតត្រង់ចំនួន ៥ នាក់ គ្រោះថ្នាក់ ១ នាក់បានស្លាប់ ៣ នាក់របួសធ្ងន់ និង ១ នាក់ របួសស្រាល។ ខ្ញុំតំណាងឱ្យបងប្អូនខ្មែរទាំងអស់ សូមធ្វើការជូនប្រាក់ចំនួន ៥០០$ ទៅកាន់គ្រួសារសព, ២០០$ ចំពោះបងប្អូនខ្មែរយើងដែលត្រូវរបួសធ្ងន់ និង ១០០$ ចំពោះបងប្រុស ដែលត្រូវរបួសស្រាលតាមរយៈបងប្រុស តាំង គឹមឡេង ហើយក៏បានចូលរួមធ្វើម្ហូបដល់បងប្អូនភៀសសឹកតាមរយៈបងប្រុស Benly Cooking ចំនួន ៥០០$ ដែរ។
សូមបងប្អូនខ្មែរដែលជាម្ចាស់ជំនួយទាំងអស់គ្នាបានដឹង និង រីករាយជាមួយអំពើល្អ ដែលពួកយើងបានធ្វើចំពោះប្រទេស និង ប្រជាជនយើង។ ខ្ញុំបានចាត់ចែង និង ទុកដាក់ប្រាក់មូលនិធិ ដែលបងប្អូនបានចូលរួមតាមរយៈខ្ញុំដោយយកចិត្តទុកដាក់ តាមរយៈលទ្ធផលនេះ ទើបឥឡូវនេះ យើងនៅសល់ប្រាក់ ដើម្បីអាចបន្តជួយនៅកាលៈទេសៈដែលចាំបាច់ និង សំខាន់ដូចជាក់ស្តែងដោយមិនចាំបាច់រៃអង្គាសម្តងទៀត។
តាំងពីជំនួយលើកមុនមកដល់ពេលនេះពួកយើងនៅសល់ + ប្រាក់ជំនួយសរុបចំនួន: 73,766.75$ (- ABA : 63,966$ – Cash: 9800$) ខ្ញុំបានបង្កើត Channel Telegram ដើម្បីបង្ហោះរាល់ការប្រើប្រាស់លុយនៅក្នុង Group នេះ…»៕

