ក្នុងសប្ដាហ៍ទី ២៣ នៃកម្មវិធីប្រកួតថ្វីដៃធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៤ កន្លងទៅនេះ មហាជនអ្នកគាំទ្រកាន់តែជក់ចិត្តតាមដានខ្លាំងចំពោះការប្រកួតប្រជែងក្នុងផ្ទះបាយរវាងបេក្ខនារីដ៏ឆ្នើមទាំង ៦ រូបចុងក្រោយ។

ចំពោះការរៀបចំវិញាសារប្រកួតរបស់កម្មវិធី MasterChef Cambodia នៅសប្ដាហ៍កន្លងទៅនេះដែរ កាន់តែមានសម្រិតសម្រាំងតឹងតែងខ្លាំងឱ្យបេក្ខនារីដ៏ឆ្នើមទាំង ៦ រូប បញ្ចេញថ្វីដៃរៀងៗខ្លួន ដើម្បីអាចឈានទៅកាន់ Top កំពូល ដោយក្នុងនោះមានបេក្ខនារី ២ រូបត្រូវបានជម្រុះចេញពីកម្មវិធីជាបន្តបន្ទាប់ផងដែរ។

បន្ទាប់ពីប្រកួតប្រជែងបញ្ចេញថ្វីដៃក្នុងសប្ដាហ៍ទី ២៣ រួចហើយនោះ បេក្ខនារី ២ រូបដែលចាកចេញពីកម្មវិធីមុនគេ គឺបេក្ខនារី មុត អាលីហ្សា ចតត្រឹម Top 6។ រីឯបេក្ខនារី ជូ រស្មី ទោះបីបានចូល Top 5 ពិតមែន ប៉ុន្តែក៏ត្រូវបានចាកចេញពីកម្មវិធីបន្ទាប់ពី បេក្ខនារី មុត អាលីហ្សា ដោយមិនអាចបោះជំហានចូលក្នុង Top កំពូលទាំង ៤ បានឡើយ។



ចំពោះបេក្ខនារី មុត អាលីហ្សា និង បេក្ខនារី ជូ រស្មី ដ្បិតតែមិនអាចបន្តជាមួយកម្មវិធី MasterChef Cambodia រដូវកាលទី ៤ ទៀតមែន ប៉ុន្តែអ្នកទាំងពីរសុទ្ធតែជាបេក្ខនារីជើងខ្លាំង មានថ្វីដៃចម្អិនពូកែ និង គំនិតច្នៃប្រឌិតល្អៗ ឆ្លងកាត់ការប្រកួតប្រជែងឈ្នះបេក្ខជនផ្សេងៗជាច្រើនកន្លងមក និង ធ្លាប់ទទួលបានលទ្ធផលល្អៗគណៈកម្មការសរសើរពេញចិត្តច្រើនវគ្គផងដែរ៕


