នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Khaosod បានរាយការណ៍ពីស្ថានភាពខ្យល់ពុល PM2.5 ដែលកំពុងវាយលុកស្ទើរតែគ្រប់ទីកន្លែងនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន។

តាមព័ត៌មានបានឱ្យដឹងថា កម្រិតខ្យល់ PM2.5 នៅទីក្រុងបាងកកបច្ចុប្បន្នគឺ ៥០.៦ មីក្រូក្រាម/ម៉ែត្រគូប ដែលលើសពីស្តង់ដារ ៣៧.៥ មីក្រូក្រាម/ម៉ែត្រគូប ។ កម្រិតនេះស្ថិតនៅកម្រិតពណ៌ទឹកក្រូច ដែលចាប់ផ្តើមប៉ះពាល់ដល់សុខភាព ដែលក្នុងនោះកំពុងគ្របដណ្តប់លើ ៦៩ តំបន់ក្នុងទីក្រុងបាងកក។ គេរំពឹងថាខ្យល់ពុលនេះនឹងកើនឡើងខ្លាំងនៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ តែអាចនឹងថយចុះបន្តិចក្នុងអំឡុងថ្ងៃទី ៤ ដល់ ៦ ខែធ្នូ ឆ្នាំ ២០២៥ ដោយសារតែឥទ្ធិពលនៃភ្លៀង។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា អ្នកជំងឺដោយសារខ្យល់ពុលនេះ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤ មកដល់ខែមីនា ឆ្នាំ ២០២៥ មានសរុបប្រមាណ ២ ៧៦២ ករណី ដែលចំនួននេះហាក់កាន់តែកើនឡើងជាលំដាប់បើធៀបពីឆ្នាំមុនៗ។ ដោយឡែក អាជ្ញាធរកំពុងតែតាមដានស្ថានភាពយ៉ាងដិតដល់ និងប្រកាសឱ្យប្រជាជនខ្លួនមានការប្រុងប្រយ័ត្ន ដោយសាពាក់ម៉ាសជាប្រចាំ និងចៀសវាងការចេញទៅធ្វើសកម្មភាពនៅក្រៅផ្ទះផងដែរ៕


ប្រភព៖ Khaosod