ថ្វីបើកំពុងឈរជើងនៅឯនាយសមុទ្រ តែយុវជន ពេជ្រ មូន ដែលជាកូនខ្មែរកំពុងបម្រើការជាយោធាកងទ័ពជើងទឹកនៅបណ្ឌិតសភាអាមេរិក មិនឱបដៃមើលការរងទុក្ខរបស់ប្រជាជនខ្មែរ និង ការឈ្លានពានទឹកដីពីសំណាក់ចោរសៀមឡើយ។ បច្ចុប្បន្ន លោកបានកំពុងបង្កើតចលនាកៀរគរគ្នា ដើម្បីដាក់ពាក្យបណ្តឹងប្តឹង ពួកមេយោធា និង អ្នកដឹកនាំនយោបាយថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។

មកដឹងអំពីប្រវត្តិយុវជនក្លាយហានវ័យក្មេងរូបនេះវិញ លោក ពេជ្រ មូន មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន បានបញ្ចប់ការសិក្សា និង បម្រើការជាយោធាកងទ័ពជើងទឹកនៅបណ្ឌិតសភាអាមេរិក។ រំឭកមុនមកដល់ទឹកដីមហាអំណាច ក្រោយចប់ថ្នាក់បាក់ឌុបនៅឯស្រុកកំណើត លោកបានឡើងមកបន្តការសិក្សានៅទីក្រុងភ្នំពេញ ដោយទទួលបានអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលផ្តល់ដោយអង្គការក្រៅរដ្ឋាភិបាលមួយ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

អំឡុងពេលរៀនថ្នាក់វេជ្ជបណ្ឌិតនៅសាលាខាងលើ លោកទទួលបានអាហារូបករណ៍មួយទៀតផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ខណៈរៀនជំនាញពេទ្យផង និង ភាសាអង់គ្លេសផង វាក៏ជាពេលដែលលោកបានដាក់អាហារូបករណ៍ផ្នែកយោធាទៅអាមេរិក ហើយបានជាប់ចេញទៅសិក្សាផ្លូវការនៅក្នុងឆ្នាំ ២០១៨។

ពិតមែនទៅ យុវជន ពេជ្រ មូន មានសែស្រឡាយក្នុងវិស័យយោធាស្រាប់ ពោល លោកមានឪពុកជាអតីតនាយទាហាន ដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាកងទ័ពជើងទឹករបស់អតីតសហភាពសូវៀត។ ក្រោយបញ្ចប់ការសិក្សា ឪពុករបស់លោកបានត្រលប់មកស្រុកខ្មែរ បម្រើការជានាយទាហានជើងទឹកនៅកំពង់ផែរាម តែដោយសារមានបញ្ហាគ្រួសារផង និង បញ្ហានៅកន្លែងធ្វើការផង ឪពុករបស់លោកបានបោះបង់អាជីពត្រលប់មកមើលថែគ្រួសារ និង ប្រកបរបរជាកសិករវិញ។ ធំដឹងក្តីមក លោក ពេជ្រ មូន មិនបានរស់នៅជាមួយឪពុកនោះទេ លោកត្រូវបាន ជីដូន យកទៅចិញ្ចឹម ដែលយាយជាកសិករ ហើយក្រៅពីការងារកសិកម្ម យាយតែងធ្វើត្រឡោក ត្បាញកញ្ជើ ចង្អេរ ដាក់លក់ដើម្បីបានកម្រៃខ្លះផ្គត់ផ្គង់ការសិក្សារបស់លោក។



ការក្លាយជាយោធា អាចថាជាក្តីស្រមៃក្លាយជាការពិត។ រៀបរាប់ពីរឿងរ៉ាវដំបូង លោក ពេជ្រ មូន ជាក្មេងធំធាត់លើដីស្រុកស្រែ ដែលរាល់ពេលទំនេរពីឃ្វាលគោ លោកតែងចូលចិត្តទិញសៀវភៅប្រវត្តិសាស្ត្រមកអាន។ លោកបានអានសៀវភៅប្រវត្តិសង្គ្រាមលោកលើកទី ២ ដែលក្នុងនោះមានបរិយាយបញ្ជាក់អំពីប្រវត្តិវីរបុរសចម្បាំងអស្ចារ្យម្នាក់គឺ Chester W. Nimitz ដែលជាបុគ្គលចេញពីបណ្ឌិតសភាយោធាកងទ័ពជើងទឹកអាមេរិកនៅ Annapolis។ ប្រវត្តិវីរបុរសនេះហើយ ដែលបានជំរុញឱ្យលោកជាក្មេងស្រុកស្រែចម្ការ មានក្តីស្រមៃចង់ឃើញ និង ចង់ទៅរៀនសូត្រនៅសាលានោះ ដែលជាកន្លែងបណ្តុះបាននូវថ្នាក់ដឹកនាំធំៗ។ ម្យ៉ាងដោយឪពុករបស់លោក ក៏ជាទាហានជើងទឹកផងនោះ ទើបជំរុញឱ្យលោកមានចិត្តចង់កាន់តែខ្លាំងឡើង។


ពេជ្រ មូន លោកចាំបានថា ក្រោយពេលរៀនចប់ថ្នាក់បាក់ឌុបនៅអំឡុងឆ្នាំ ២០១១ លោក បានឡើងមកបន្តការសិក្សាអាហារូបករណ៍នៅទីក្រុងភ្នំពេញ។ ភ្លាមនោះលោកមិនទាន់រកបានកន្លែងស្នាក់នៅឡើយទេ ត្រឹមអាស្រ័យនៅតាមចិញ្ចើមផ្លូវមួយរយៈ ដោយដេកនៅលើបង់តាមសួនច្បារម្តុំមុខវាំង ហូបតែនំប៉័ងមួយដើមក្នុងមួយថ្ងៃ។ បន្ទាប់មកថ្ងៃមួយ ដោយក្តីស្រេកឃ្លានខ្លាំង ក្នុងខ្លួនគ្មានលុយផងនោះ លោកបានសម្រេចចិត្តទៅបើកធុងសំរាមរកមើលអាហារ ហើយចៃដន់ប្រទះនឹងក្រដាសកាសែតខ្ចប់នំប៉័ង ឃើញមានព័ត៌មានដែលស្ថានទូតអាមេរិកប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅបណ្ឌិតសភាយោធាជើងទឹកអាមេរិក។

ភ្លាមៗនោះ លោកចាប់ផ្តើមនឹកឃើញដល់រឿងចាស់ៗ គ្រាដែលឃ្វាលគោ ពេលដែលធ្លាប់មានក្តីស្រមៃទៅទីនោះ ហើយក៏គិតថា នេះហើយជាកន្លែងដែលលោកត្រូវទៅ ដូច្នេះលោកនឹងប្រឹងប្រែងយ៉ាងណាដើម្បីទៅទីនោះឱ្យទាល់តែបាន។ ជាក់ស្តែង ប្រមាណ ៥ ឆ្នាំក្រោយមក លោកបានត្រៀមគ្រប់យ៉ាង មិនថាការហ្វឹកហាត់ទាំងកាយសម្បទា ភាសា និង ចំណេះដឹងផ្សេងៗ រួចដាក់ពាក្យជាប់ចេញទៅសិក្សាជាស្ថាពរ ហើយក៏បានបម្រើការជាយោធាកងទ័ពជើងទឹកនៅបណ្ឌិតសភាអាមេរិកដល់សព្វថ្ងៃ៕





