ក្រោយកម្ពុជាបានរងការបាញ់ប្រហារពីទាហានថៃបណ្ដាលឱ្យពលរដ្ឋស្លូតត្រង់រងរបួស និង បាត់បង់ជីវិត កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនោះ ប្រជាជនកម្ពុជាក្នុងភូមិព្រៃចាន់ ក៏បានភៀសខ្លួនចេញពីផ្ទះសម្បែងភ្លាមៗ ដើម្បីទៅរកទីតាំងជម្រកសុវត្ថិភាពបណ្តោះអាសន្នជាថ្មីម្តងទៀតហើយ។

រូបភាព ៖ ទទក
ក្នុងនោះដែរ ទិដ្ឋភាពនៃការភៀសខ្លួនជាថ្មីម្តងនេះ ធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលខ្លោចចិត្ត និង ឈឺចាប់យ៉ាងខ្លាំង ខណៈទាំងទារក កុមារ និង ចាស់ជរា បានភៀសខ្លួនមកដោយភាពភ័យខ្លាច និង សឹងតែគ្មានអ្វីយកមកជាប់ខ្លួន។

ក្រឡេកទៅមើលបណ្តាញសង្គមហ្វេសប៊ុក តាមរយៈបុគ្គលល្បីៗនៅតាមបណ្តាញសង្គម បាន និង កំពុងបន្តយ៉ាងសស្រាក់សស្រាំក្នុងការនាំយកសម្ភារសំខាន់ៗសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីផ្តល់ជូនជនភៀសសឹក។ ក្នុងនោះ គេបានឃើញបុគ្គលខ្លះបានចំណាយថវិកាផ្ទាល់ខ្លួន ខ្លះទៀតក៏ទទួលយកត្រឹមសម្ភារប្រើប្រាស់ពីសប្បុរជន ដើម្បីយកទៅចែកជូនបន្ត និង ខ្លះទៀតក៏បានបង្កើតមូលនិធិផងដែរ។

យ៉ាងណាមិញ ងាកទៅកាន់តារាចម្រៀង នាង ដាវីន ឯណោះវិញ អ្នកគាំទ្របានឃើញលោកបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការថា៖ «សុំទោសពុកម៉ែ បងប្អូន ហ្វេនៗ! ក្នុងការចូលរួមបញ្ហាសង្គមជាតិខ្ញុំសុំចូលរួមតាមអ្វីដែលអាចធ្វើបាន ដូចបងប្អូន ដូចប្រជាជនទូទៅដែរ។ សម្រាប់ការបង្កើតជំនួយរួមគ្នាម្តងទៀតពួកខ្ញុំមិនហ៊ានទៀតទេ»។

ក្នុងនោះដែរ ក្រោយឃើញការបង្ហោះសាររបស់លោក នាង ដាវីន បែបនេះហើយនោះ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញអារម្មណ៍យល់ពីការលើកឡើងរបស់លោក ក៏ព្រោះតែកន្លងមក មានសិល្បករ សិល្បការិនី និង បុគ្គលល្បីៗជាច្រើន ទទួលរងការរិះគន់ និង ចាប់កំហុសច្រើន ពាក់ព័ន្ធនឹងប្រាក់មូលនិធិនេះ៕



