ថ្មីៗនេះ តាមរយៈវីដេអូបង្ហោះនៅលើ Instagram ដោយ សាកលវិទ្យាល័យ Oxford បុរសម្នាក់ដែលជាអ្នកប្រមាញ់ផ្កា បានទ្រហោយំខ្លាំង បន្ទាប់ពីលោក និង វេជ្ជបណ្ឌិតម្នាក់ បានរកឃើញផ្កាដ៏កម្រមួយនៅលើពិភពលោក ដែលបានលាក់ខ្លួននៅលើកោះស៊ូម៉ាត្រា ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី។

បុរសទ្រហោយំរូបនេះជាជនជាតិឥណ្ឌូនេស៊ី មានឈ្មោះថា Septian Andrikithat ដោយលោកបានចេញបេសកកម្មរកផ្កាដ៏កម្រម្យ៉ាងឈ្មោះ Rafflesia hasseltii ជាមួយ វេជ្ជបណ្ឌិត Chris Thorogood សាស្ត្រាចារ្យរងផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យ Oxford។ មូលហេតុដែលធ្វើឱ្យបុរសប្រមាញ់ផ្កាទ្រហោយំខ្លាំង ដោយហេតុលោកខំតាមរកវាអស់រយៈពេល ១៣ ឆ្នាំមកហើយ។

វេជ្ជបណ្ឌិត Chris Thorogood បាននិយាយថា ពេលវេលានោះពិតជាអស្ចារ្យណាស់ ដំណើររុករកវាពិតជាពិបាក ហើយផ្កាវាក៏ពិសេសខ្លាំង ដែលជាហេតុធ្វើឱ្យយើងមានអារម្មណ៍រំជួលចិត្តខ្លាំងនៅពេលឃើញវា។

យោងតាមការបង្ហោះវីដេអូ វេជ្ជបណ្ឌិត Chris Thorogood និង បុរសខាងលើដែលជាក្រុមការងារ បានចេញបេសកកម្មដើរទាំងយប់ទាំងថ្ងៃ ឆ្លងកាត់ព្រៃត្រូពិចស៊ូម៉ាត្រា ដែលសុទ្ធសឹងជាជម្រកសត្វខ្លា ដើម្បីរកផ្កានេះ។

វេជ្ជបណ្ឌិតបានឱ្យដឹងដែរថា ផ្កានេះមានវដ្តរីកមិនទៀងទាត់ វាត្រូវការរយៈពេល ៩ ខែដើម្បីចេញពន្លក ហើយវារីកត្រឹមតែរយៈពេលពី ២-៣ ថ្ងៃប៉ុណ្ណោះ។ អ្វីដែលអស្ចារ្យបំផុត លោក និង ក្រុមការងារ បានរកឃើញផ្កានេះកំពុងរីកនៅចំពោះមុខ ហើយវាបញ្ចេញពន្លឺភ្លឺប្រៀបបីដូចជាអគ្គិសនី៕
ប្រភព៖ NYP