រយៈពេល ១១ ថ្ងៃហើយ ដែលបវរកញ្ញា ហ្វីយ៉ាតា Miss Universe Cambodia 2025 កំពុងស្ថិតក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិកម្មវិធី Miss Universe 2025 លើកទី ៧៤ នៅប្រទេសថៃ។

មកដល់ពេលនេះ កម្មវិធីប្រកួត Miss Universe 2025 កាន់តែកៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ ដោយក្រឡេកមើលបេក្ខភាពបវរកញ្ញាកម្ពុជាយើង កាន់តែបង្ហាញការត្រៀមខ្លួនយ៉ាងស្វាហាប់ រឹងមាំមោះមុត ដ្បិតតែមានជួបបញ្ហាខ្លះៗមែន។

លើសពីនេះ ក្នុងដំណើរការប្រកួតរយៈពេលជាង ១ សប្ដាហ៍កន្លងទៅនេះ អ្នកនាង ហ្វីយ៉ាតា តែងធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាចាប់អារម្មណ៍សរសើរ និង មានមោទកភាពខ្លាំងចំពោះវត្តមានរបស់នាងក្នុងកងប្រកួតនៃកម្មវិធីដ៏អស្ចារ្យនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជឿជាក់ស្រស់ស្អាត និង លេចធ្លោមិនចាញ់បវរកញ្ញាប្រទេសដទៃឡើយ។


យ៉ាងណាមិញ បើក្រឡេកទៅចាប់អារម្មណ៍ពីឈុតតំណាងជាតិដែលបវរកញ្ញា ហ្វីយ៉ាតា យកទៅប្រកួតលើឆាកអន្តរជាតិ Miss Universe 2025 នេះវិញ ដ្បិតតែមិនទាន់ដល់ពេលប្រកួតឈុតតំណាងជាតិ និង បង្ហាញជាផ្លូវការលើហ្វេសប៊ុករបស់នាង តែតាមរយៈការបញ្ជាក់របស់អ្នកនាងក្នុងកិច្ចសម្ភាសកម្មវិធី «3 FUN» កន្លងទៅ គឺអ្នកនាងត្រៀមយកឈុតដែលមានឈ្មោះថា ចាប៉ីដងវែង (Golden Japei) ទៅប្រកួតលើឆាកអន្តរជាតិនេះ។

ឈុតចាប៉ីដងវែង (Golden Japei ) នេះដែរ ធ្វើឡើងដោយគំនិតច្នៃប្រឌិតផ្ទាល់ពីបវរកញ្ញា ហ្វីយ៉ាតា និង អ្នកច្នៃម៉ូត ដែលជាឈុតជាប់ Best National Costume កាលពីប្រកួតកម្មវិធីក្នុងស្រុក Miss Universe Cambodia 2025 ដោយមានការរចនាឡើងយ៉ាងប្រណីតស្រស់ស្អាត រំលេចដោយក្បូរក្បាច់វប្បធម៌ខ្មែរ អមជាមួយនឹងចាប៉ីដងវែង ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិពិភពលោក។


ចំពោះឈុតដ៏ប្រណីតល្អឯកនេះដែរ គឺមានអន្ថន័យថា ៖ «Golden Japei / ចាប៉ីដងវែង: ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិពិភពលោក ដោយអង្គការ UNESCO នាថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី។ ចាប៉ី ដែលមានសំឡេងពីរោះ គឺធ្វើតាមពាក្យពោលថា “ស្នូក រាំង ដង ក្រសាំង សន្ទះ ខ្ទុម្ព គីង្គក់ ធ្នង់ ខ្ទង់ ឆ្អឹង”។ តាមគំនិត ចាស់បុរាណបានឱ្យនិមិត្ដរូបលើឧបករណ៍នេះថា “ស្នូកតំណាងក្បាលនាគ, ដងតំណាងខ្លួននាគ, ប្រពែតំណាងកន្ទុយនាគ” ដែលបង្ហាញពីតម្លៃនៃវប្បធម៌ដ៏ចំណាស់របស់ខ្មែរ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក។ ដំឡើងឈុតដោយ ស្ករគ្រាប់»។



មកដល់ពេលនេះ កម្មវិធី Miss Universe 2025 ក៏បានដាក់ឱ្យមានការបោះឆ្នោតលើឈុតតំណាងជាតិប្រចាំប្រទេសនីមួយៗ ដើម្បីមានឱកាសទទួលបានពានរង្វាន់ពាន Best National Costume ផងដែរ៕






