ទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានវាយប្រហារស្រុកហាតយ៉ៃ ខេត្តសុងក្លាកន្លងទៅនេះ បានសម្លាប់ប្រជាជនអស់ចំនួន ១៤០ នាក់ និងប៉ះពាល់ដល់ប្រជាជនផ្សេងៗទៀតរាប់សែននាក់ ដែលក្នុងនោះផ្លូវចិត្តម្នាក់ៗបានបាក់ស្បាត ពិបាកនឹងស្រោចស្រង់វិញបាន។

ជាក់ស្តែង ខាងក្រសួងសុខាភិបាលរបស់ថៃ បានឱ្យដឹងថា ប្រជាជននៅហាតយ៉ៃសរុបចំនួន ៣ ៨២០ នាក់ បានមកទទួលការពិនិត្យ និងវាយតម្លៃសុខភាពផ្លូវចិត្ត។ ក្នុងនោះ គេរកឃើញថាអ្នកដែលកើតការស្រ្តេសខ្ពស់មានចំនួន ២១៦ នាក់ និង ៨ នាក់ទៀត អាចនឹងឈានដល់ការធ្វើអត្តឃាតខ្លួនឯងទៀតផង។

យ៉ាងណាមិញ ប្រជាជនដែលមានបញ្ហាសុខភាពផ្លូវចិត្តទាំងប៉ុន្មាន ត្រូវបានគេផ្តល់ជំនួយ និងបញ្ជូនទៅព្យាលបាលនៅឯមន្ទីរពេទ្យផងដែរ។ គួរឱ្យដឹងដែរថា មកទល់ពេលនេះ ស្រុកហាតយ៉ៃនៅមិនទាន់ត្រឡប់មកដូចដើមនៅឡើយទេ ពោលគឺស្ថិតក្នុងសភាពដូចជាទីក្រុងដែលត្រូវបានគេបោះបង់ចោល៕




ប្រភព៖ Khaosod