ថ្មីៗនេះ មានស្រ្តីវ័យ ២៩ ឆ្នាំម្នាក់ បានចេញមកទម្លាយរឿងរ៉ាវដ៏គួរឱ្យហួសចិត្តរបស់ខ្លួន ដែលត្រូវប្តី លលេងរឿងលួចក្បត់ចិត្ត ធ្វើឱ្យនាងជឿមែនទែន ហើយបោះចិញ្ចៀនរៀបការតម្លៃ ១ ម៉ឺនដុល្លារចោលទៅក្នុងសមុទ្រ។

នាងបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃមួយនាងជាមួយនឹងប្តី បាននាំគ្នាទៅលេងនៅឯសមុទ្រ ហើយខណៈកំពុងអង្គុយមើលទេសភាពតែពីរនាក់សុខៗ ប្តីរបស់នាងក៏បានសារភាពថា គេបានលួចក្បត់ចិត្តនាង។ នាងបានឱ្យដឹងថា តាមពិតទៅប្តីនាងជាមនុស្សចូលចិត្តលេងសើច ប៉ុន្តែគេមិនដែលលេងសើចរឿងបែបនេះជាមួយនាងឡើយ ទើបលើកនេះនាងក៏ជឿមែនទែនថាគេពិតជាបានក្បត់ចិត្តនាងមែន។

ក្រោយពីឮប្តីសារភាពបែបនេះហើយ ព្រោះតែការខឹង និង ឈឺចាប់ពេក នាងក៏បានដោះចិញ្ចៀនរៀបការដែលមានតម្លៃ ១ ម៉ឺនដុល្លារចោលទៅក្នុងសមុទ្រភ្លាមៗ ចំណែកឯប្តីនាងក៏ភ្ញាក់ផ្អើល ហើយបានស្រែកប្រាប់នាងថាវាគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ នាងពិតជាសោកស្តាយចំពោះរឿងនេះណាស់ ហើយចាប់តាំងពីថ្ងៃនោះមកទំនាក់ទំនាងជាមួយប្តីក៏ចេះតែរកាំរកូសទៅៗ ព្រោះម្នាក់ៗចេះតែចោទគ្នាទៅវិញមកមិនឈប់៕

ប្រភព៖ Khaosod