ពិតជារឿងដ៏ចម្លែកមួយ ដែលមានស្រ្តី Influencer ជនជាតិប្រេស៊ីលម្នាក់ បានប្រកាសរៀបការជាមួយនឹងខ្លួនឯង តែមួយឆ្នាំក្រោយមកក៏សម្រេចចិត្តលែងលះវិញ ដោយឱ្យហេតុផលថាទ្រាំនឹងខ្លួនឯងមិនបាន។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះថា Suellen Carey វ័យ ៣៦ ឆ្នាំ នាងបានប្រកាសរៀបការជាមួយខ្លួនឯងបែប Sologamy នៅឯទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ប៉ុន្តែមួយឆ្នាំក្រោយមក នៅខែសីហា ឆ្នាំ ២០២៤ នាងក៏បានសម្រេចចិត្តចែកផ្លូវជាមួយខ្លួនឯងវិញ។ នាងបានឱ្យដឹងថា ការរៀបការជាមួយខ្លួនឯងធ្វើឱ្យនាងមានអារម្មណ៍ថាហត់នឿយ និងឯកោតែម្នាក់ឯង ហើយនាងក៏មានសម្ពាធដែលរំពឹងថាខ្លួនឯងមានភាពឥតខ្ចោះគ្រប់ពេលវេលា។

នាងបានព្យាយាមទទួលការព្យាបាលផ្លូវចិត្តជាច្រើនដង ដើម្បីធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍ជាមួយខ្លួនឯងអាចបន្តទៅមុខ តែនាងនៅតែមិនអាចធ្វើវាបាន។ ចុងក្រោយ នាងបានបោះបង់ចោលអាពាហ៍ពិពាហ៍នេះ ហើយពេលនេះនាងកំពុងតែបើកចិត្តទទួលយក និងទាក់ទងរកគូគ្រងថ្មីផងដែរ៕

