នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ នេះ តាមរយៈគណនីដែលមានឈ្មោះ Jee Min បានបង្ហោះសារឱ្យដឹងថា ខ្លួនមានឈ្មោះ គឹម សុជាតា ជាម្ចាស់គណនីឈ្មោះ socheata ជាម្ចាស់ឱសថស្ថាន ប៊ីយូឃែរ បានចេញមុខបង្ហោះលិខិតសូមទោសជាសាធារណៈ ដោយសារគណនីផ្ទាល់ខ្លួន មានបញ្ហាខូចហើយមិនអាចប្រើប្រាស់។

តាមរយៈលិខិតសូមអភ័យទោស ស្ត្រីដែលជាម្ចាស់ឱសថស្ថាន ប៊ីយូឃែរ ឈ្មោះ គឹម សុជាតា បានសូមខន្តីអភ័យទោសជាសាធារណៈ ចំពោះរឿងរ៉ាវដែលបានកើតឡើង ដែលមានការបង្ហោះវីដេអូព័ត៌មានទាក់ទងនឹងការផ្តល់សេវាកម្មនៅឱសថស្ថានរបស់ខ្លួន ចំពោះអតិថិជនម្នាក់ (ពូ) ដែលបានមកស្វែងរកថ្នាំព្យាបាលរោគសញ្ញារមាស់ និង អង្គែលើក្បាល ដោយខ្លួនបានទទួលស្គាល់ថា ព្រឹត្តិការណ៍នោះបានបង្កឱ្យមាន ៖
– ការអន់ចិត្ត
– ការរំខានអារម្មណ៍
– និង ការមិនសប្បាយចិត្តពីសាធារណជន ជាពិសេសចំពោះពូ និងគ្រួសារ ព្រមទាំងប៉ះពាល់ដល់ កិត្តិយសក្រសួងសុខាភិបាល គណៈឱសថការីកម្ពុជា និង ឱសថការីទាំងអស់។

ម្ចាស់ឱសថស្ថានរូបនេះ បានបញ្ជាក់ថាខ្លួនសូមទោសពីចិត្តពិត ចំពោះការប្រតិបតិ្ត និង ការប្រាស្រ័យទាក់ទងដែលមិនសមរម្យនោះ ដោយបានស្តាប់យោបល់ពីសាធារណជន និង យល់ឃើញច្បាស់ថា ការផ្តល់សេវាកម្មសុខាភិបាលគួរតែគោរពលើសីលធម៌វិជ្ជាជីវៈ (ក្រមសីលធម៌ឱសថការី) ក្តីមេត្តាករុណា និង ការអនុគ្រោះដល់អ្នកប្រើសេវា ដោយគ្មានការរើសអើងណាមួយឡើយ។ ដើម្បីជាការកែលម្អលើកក្រោយ ម្ចាស់ឱសថស្ថានបានសន្យាថានឹងពង្រឹងគុណវុឌ្ឍិវិជ្ជាជីវៈ និង ការត្រួតពិនិត្យគុណភាពសេវាកម្មជាប្រចាំ និង សូមឱ្យសាធារណជនទទួលយកនូវការសូមទោសជាផ្លូវការនេះ និង សូមការទុកចិត្តជាថ្មី៕
សូមអានលិខិតសូមទោសនៅខាងក្រោម ៖
