កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មាន Khaosod បានរាយការណ៍ឱ្យដឹងថា ភាគីខាងថៃ បានចាប់ផ្តើមបាញ់គ្រាប់កាំភ្លើងព្រមានទៅកាន់ខាងកងទ័ពមីយ៉ាន់ម៉ាហើយ ក្រោយពីកងទ័ពមីយ៉ាន់ម៉ាប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម ហើយបង្កជាការធ្លាក់គ្រាប់ចូលទៅក្នុងទឹកដីថៃ។

តាមព័ត៌មានបានឱ្យដឹងថា ក្រោយពីមានគ្រាប់កាំភ្លើងធ្លាក់ចូលក្នុងទឹកដីថៃនៅស្រុកម៉ែសត ខេត្តតាក ចំនួន ៥ គ្រាប់ លោកឧត្តមសេនីយ៍ឯក វ៉រទេព ប៊ុនយ៉ា មេបញ្ជាការកងទ័ពភូមិភាគទី៣ ក៏បានអនុញ្ញាតឱ្យកងកម្លាំងនរេសួនធ្វើការបាញ់កាំភ្លើងផ្សែងត្រឡប់ទៅវិញចំនួន ៤ គ្រាប់ភ្លាមៗ។

ដោយឡែក តាមព័ត៌មានបានឱ្យដឹងទៀតថា តាំងពីមានការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ាជាមួយនឹងក្រុមឧទ្ទាមជនជាតិភាគតិចនៅតំបន់ជាប់ព្រំដែនថៃមក មានផ្ទះរបស់ប្រជាជនថៃមួយខ្នងបានរងការខូចខាតដោយសារតែបំណែកគ្រាប់បែកដែលខ្ទាតមកត្រួវ លើសពីនេះក៏មានគ្រាប់កាំភ្លើងតែងតែធ្លាក់ចូលមិនដាច់ឡើយ។ យ៉ាងណាមិញ មេទ័ពភូមិភាគ ៣ ក៏បានបញ្ជាឱ្យកងកម្លាំងការពារតំបន់ព្រំដែនយ៉ាងតឹងរ៉ឹង និងធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្តោយព្រំដែនផងដែរ៕

ប្រភព៖ Khaosod