នៅឆ្នាំ ២០២៥ នេះ កម្មវិធី បុណ្យភូមិមានជើង បានឈានមកដល់ឆ្នាំទី ៣ ហើយ ដោយគេនៅចាំបានថា កាលពីឆ្នាំ ២០២៣ ជាឆ្នាំទី ១ បុណ្យភូមិមានជើង បានរៀបចំឡើងនៅឯទឹកដីខេត្តក្រចេះ រីឯឆ្នាំ ២០២៤ ជាឆ្នាំទី ២ រៀបចំឡើងនៅខេត្តមណ្ឌលគីរី ។

ក្នុងមហោស្រព បុណ្យភូមិមានជើង ឆ្នាំទី ៣ នេះដែរ នឹងរៀបចំឡើងនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅឯទឹកដីខេត្តព្រះវិហារ ជាតំបន់ប្រាសាទ និង តំបន់ជិតជាយដែន ដែលនឹងមានកម្មវិធីពិសេសៗ ជាច្រើនដូចជាការ កម្មវិធីការរត់ម៉ារ៉ាតុងកុមារ និង បង្ហាញពីសិល្បៈក្នុងតំបន់ដ៏សម្បូរបែបជាច្រើន ជាពិសេសគឺប្រាសាទកោះកេរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកតែម្តង។

ក្នុងការរៀបចំ មហោស្រព សិល្បៈបុណ្យភូមិមានជើង លើកទី ៣ នៅឯខេត្តព្រះវិហារនេះដែរ កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកមហោស្រពបុណ្យភូមិ និង ជាអ្នកដឹកនាំរៀបចំ មហោស្រព បុណ្យភូមិមានជើង បានឱ្យដឹងពីមូលហេតុនៃការជ្រើសរើសខេត្តព្រះវិហារនេះថា៖ «មូលហេតុសំខាន់ៗ ដែលមហោស្រពបុណ្យភូមិមានជើង រៀបចំនៅខេត្តព្រះវិហារ ព្រោះទីនោះជាតំបន់មរតកវប្បធម៌ ជាទឹកដីចំណាស់។ ជាពិសេស គឺក្រុមប្រាសាទកោះកេរ ដែលជាក្រុមប្រាសាទស្អាតប្លែក និង ចង់ឱ្យមានការផ្សព្វផ្សាយកាន់តែច្រើន»។

ចំណុចសំខាន់ដែលកញ្ញា រិទ្ធី លំអរពេជ្រ សង្កត់ធ្ងន់នោះគឺ ៖ «ការរៀបចំ មហោស្រព បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ នៅក្នុងកាលៈទេសៈ ស្របពេលប្រទេសកម្ពុជាកំពុងមានបញ្ហាព្រំដែន គឺជាការសបញ្ជាក់ពីសុខសុវត្ថិភាពរបស់ប្រទេសយើងទៅកាន់ភ្ញៀវជាតិ និង អន្តរជាតិ»។ ម្យ៉ាងវិញទៀត ក្រៅពីផ្តោតសំខាន់លើសិល្បៈ អ្វីដែលអ្នករៀបចំកម្មវិធី ចង់ផ្តោតសំខាន់នោះគឺ ការយកចិត្តទុកដាក់ទៅលើកុមាររស់នៅតាមជាយដែន ដែលពួកគាត់ត្រូវតែទទួលបានសិទ្ធនៅក្នុងការចូលរួម សិទ្ធិការពារ សិទ្ធិអភិវឌ្ឍន៍ និង សិទ្ធិនៅក្នុងការបញ្ចេញមតិ៕

