នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នរថយន្តរបស់កូនបំណុល ដែលជាម្ចាស់សាលារៀនសុវណ្ណភូមិ ឧកញ៉ា ជា ធីឡាយ ដោយបានរឹបអូសរថយន្តម៉ាក ESCALADE ស្លាកលេខ ភ្នំពេញ 2CE-8927 ជុំវិញការធ្វេសប្រហែសរបស់គ្រូបង្រៀន បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសភ្នែកធ្ងន់ធ្ងរកំលុងពេលសិក្សា ហើយគេចវេះមិនដោះស្រាយថ្លៃព្យាបាលភ្នែកក្មេងរងរបួសនោះ។


បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ការអនុវត្តដីការឹបអូសនេះ ធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពី លោក ខាំ សុខមករា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ ដោយរឹបអូសយករថយន្តមួយគ្រឿងម៉ាក ESCALADE ទៅរក្សាទុកជាបណ្ដោះអាសន្ននៅតុលាការភ្នំពេញ។ ការអនុវត្តដីការឹបអូសដោយបង្ខំនេះ គឺយោងទៅតាមសាលក្រមរបស់ចៅក្រមជំនុំជម្រះ លោកស្រី ឈុន ដាវី ចុះថ្ងៃទី ៣ ខែកក្កដា កន្លងទៅ ដោយបានបង្គាប់ឱ្យលោក ឧកញ៉ា ជា ធីឡាយ ម្ចាស់សាលាសុវណ្ណភូមិ បង់សំណងខូចខាត និង ជំងឺចិត្តសរុបចំនួន ១០ ម៉ឺនដុល្លារអាមេរិក ឱ្យទៅលោកស្រី សន កញ្ញា ជាម្តាយរបស់កុមារា ញ៉ឹប ចេស្ដា ដែលត្រូវរបួសភ្នែក។


បើតាមការបង្ហោះរបស់ក្រុមគ្រួសារក្មេងរងគ្រោះ ឈ្មោះ ញ៉ឹប រតនា ដែលប្រើគណនីហ្វេសប៊ុក Nhep Rattana បានសរសេរឱ្យដឹងផងដែរជុំវិញករណីរឹបអូសរថយន្តនេះថា ៖ «នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នរថយន្តរបស់កូនបំណុលដែលជាម្ចាស់សាលារៀនសុវណ្ណភូមិ ឧកញ៉ា ជា ធីឡាយ ដោយបានរឹបអូសរថយន្តម៉ាក ESCALADE ស្លាកលេខ ភ្នំពេញ 2CE-8927។ បន្ទាប់ពីអាជ្ញាសាលាចុះទៅដល់ ខាងកូនបំណុលមិនព្រមសហការទេ ខាងអាជ្ញាសាលាបានសម្រេចជួលរថយន្តសម្រាប់ស្ទូចរថយន្តយកទៅរក្សាទុកនៅតុលាការ តែដោយមានខាងមេធាវីតំណាងអោយ (ឧកញ៉ា ជា ធីឡាយ) មកសុំចរចាជាមួយខាងអជ្ញាសាលា ពួកគេសុំបើកបរយករថយន្តដែលត្រូវរឹបអូសនោះដោយស្ម័គ្រចិត្តទៅខ្លួនឯងដើម្បីយកទៅរក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ។ យើងខ្ញុំរង់ចាំមើលថាតើខាងសាលារៀនសុវណ្ណភូមិ នៅតែបន្តគេចវេសពីការទទួលខុសត្រូវក្នុងករណីមួយនេះបន្តទៀត ឬ យ៉ាងណា?»។

សូមរំឭកផងដែរថា កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ គណនីស្រ្តីឈ្មោះ សន កញ្ញា ជាអាណាព្យាបាលកុមារា ញ៉ឹប ចេស្ដា បានបង្ហោះសាររកភាពស្អាតស្អំ និង យុត្តិធម៌ជូនកូនប្រុសរបស់ខ្លួនទាំងក្តីឈឺចាប់ ដែលរបួសភ្នែកដោយសារខ្មៅដៃ បង្កឡើងដោយកុមារាម្នាក់ទៀត រៀននៅសាលាសុវណ្ណភូមិ សាខាចម្ការដូងទី ១ ជាមួយគ្នា តែពេលនោះគ្រូបន្ទុកថ្នាក់ទាំងពីរនាក់ពុំបានយកកុមារឈ្មោះ ញ៉ឹប ចេស្ដា ទៅបន្ទប់សង្គ្រោះបឋមទេ បែរជានាំយកកុមាររងគ្រោះចេញមកខាងមុខសាលា រង់ចាំអាណាព្យាបាលមកទទួលទៅវិញ ទើបបណ្ដាលឱ្យស្ថានភាពរបួសកាន់តែធ្ងន់ធ្ងរ។ លោកស្រី សន កញ្ញា បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា លោកស្រីបានជម្នះការលំបាកជាច្រើនទាំងការសង្គ្រោះកូន តាំងពីពេលកើតហេតុ និង ការពិនិត្យព្យាបាលជាបន្តបន្ទាប់។
លោកស្រីសង្ឃឹមថា ឧកញ៉ា ជា ធីឡាយ នឹងទទួលយកការសម្រេចរបស់តុលាការទៅអនុវត្តដោយស្ម័គ្រចិត្ត ឱ្យសក្តិសមនឹងកិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់លោក ចៀសវាងបន្តអូនបន្លាយកាន់តែយូរ។ លោកស្រី បញ្ជាក់ថា ខ្លួននឹងរង់ចាំមើលថាតើខាងសាលារៀនសុវណ្ណភូមិ នៅបន្តគេចវេះពីការទទួលខុសត្រូវបន្តទៀតឬទេ៕


ប្រភព ៖ SBM News