ថ្មីៗកន្លងទៅនេះ មានករណីដ៏ហួសចិត្តមួយបានកើតឡើងក្នុងប្រទេសឥណ្ឌា ដោយមនុស្សរាប់រយនាក់នាំគ្នាប្រទាញប្រទង់ដណ្ដើមគ្នាយកចំណីអាហារដែលរៀបចំក្នុងពិធីមង្គលការទ្រង់ទ្រាយធំមួយនៅរដ្ឋ Uttar Pradesh រហូតបណ្ដាលឱ្យមានមនុស្សជាន់គ្នា និង ក្មេងម្នាក់រងរបួសដោយការរលាក។

ហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ នៅទីក្រុង Rath សង្កាត់ Hamirpur រដ្ឋ Uttar Pradesh អំឡុងពេលរៀបចំកម្មវិធីមង្គលការទ្រង់ទ្រាយធំមួយសម្រាប់គូស្នេហ៍ចំនួន ៣៨៣ គូ ដែលរៀបចំឡើងដោយរដ្ឋាភិបាល។ តាមព័ត៌មានបានឱ្យដឹងថា ភ្លាមៗនៅពេលខាងអ្នករៀបចំកម្មវិធីលើកចំណីអាហារមក ស្រាប់តែភ្ញៀវដែលបានចូលរួមរាប់រយនាក់នាំគ្នាសម្រុកចូលប្រតាយប្រតប់ប្រទាញប្រទង់គ្នាដណ្ដើមម្ហូបអាហារបង្កជាចលាចលគួរឱ្យហួសចិត្តជាទីបំផុត។

ភាពវឹកវរដណ្ដើមម្ហូបចំណីគ្នាក្នុងពិធីមង្គលនេះដែរ បានធ្វើឱ្យមនុស្សជាច្រើនរងរបួសដោយការជាន់គ្នា ហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះ គឺមានក្មេងម្នាក់ត្រូវទឹកតែក្ដៅស្រោចលើដៃរបស់រលាករបួស។ ភាពចលាចលគឺខ្លាំងក្លាពេករហូតសូម្បីតែខាងមន្ត្រី ឬកងសន្ដិសុខមិនអាចគ្រប់គ្រងស្ថានការណ៍បាន។

យ៉ាងណាមិញ ក្រោយមក ខាងរដ្ឋបាលសង្កាត់ Hamirpur ក៏បានទទួលស្គាល់ពីកំហុសបច្ចេកទេសនៃការរៀបចំកម្មវិធីរបស់ខ្លួនដែលបង្កឱ្យមានភាពចលាចលខ្លាំងក្លាបែបនេះ និង បានបញ្ជូនក្រុមគ្រូពេទ្យទៅពិនិត្យព្យាបាលអ្នកដែលរងរបួសផងដែរ៕
