ក្រោយពី ទាហានថៃបានប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិព្រៃចាន់ បង្កឱ្យពលរដ្ឋខ្មែរបាត់បង់ជីវិតម្នាក់ និង របួស ៣ នាក់ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ហើយនោះ ក្រឡេកទៅមើលអ្នកគាំទ្រវិស័យបវរកញ្ញា ក៏កាន់តែបង្ហាញការព្រួយបារម្ភដល់ Miss Universe Cambodia 2025 អ្នកនាង ហ្វីយ៉ាតា ដែលកំពុងតែតំណាងឱ្យកម្ពុជាប្រកួតនៅប្រទេសថៃ។

ក្នុងនោះដែរ អ្នកគាំទ្រច្បាស់ជាបានជ្រាបហើយថា បន្ទាប់ពីបានឈរជើងទៅចូលរួមប្រកួត Miss Universe លើកទី ៧៤ នៅឯប្រទេសនោះហើយ បវរកញ្ញាកម្ពុជា ហ្វីយ៉ាតា ក៏ទទួលរងនៅការឡកឡាយ និង ប្រើពាក្យមិនសមរម្យជាច្រើនពីសំណាក់ប្រជាជនថៃទៀតផង។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ Queen កម្ពុជារូបនេះ នៅតែបន្តដំណើរយ៉ាងមោះមុត ដើម្បីតំណាងឱ្យកម្ពុជាបន្តទៀត។

ជាក់ស្តែង នៅសល់ត្រឹម ១ សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រក៏បានមកដល់នោះ ស្រាប់តែនៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អ្នកនាង ហ្វីយ៉ាតា បានបង្ហោះសារយ៉ាងខ្លី តែមានអត្ថន័យយ៉ាងខ្លាំងសម្រាប់ប្រទេសកម្ពុជាថា៖ «ចាំខ្ញុំបន្តិចណា! ខ្ញុំឈរតំណាងខ្មែរ ហើយខ្ញុំនឹងត្រឡប់ទៅជួយបងប្អូនយើងវិញ»៕




