មហាជននិយមតាមដានទស្សនាភាពយន្តកាលពីប្រមាណជាង ២០ ឆ្នាំមុន ជាពិសេស ការសម្តែងបែបបុរាណ ច្បាស់ជានៅចងចាំនៅឡើយតារាសម្តែងស្រី អ្នកនាង គង់ បុប្ឋា ដែលរមែងសម្តែងជាតួអង្គព្រះនាងឥន្ទ្រទេវី។ កាលនោះ គេចាំបានថា តារាស្រីសម្តែងស្រីរូបនេះ មានទេពកោសល្យសម្តែងទាំងតួអង្គស្លូតបូត និង ឆ្នាស់ឆ្នើមជាដើម។

បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាង ១០ ឆ្នាំ មកហើយ ដែលអ្នកនាង គង់ បុប្ឋា បានរសាត់ឆ្ងាយពីវិថីសិល្បៈនៅក្នុងប្រទេសកម្ពុជា ដោយអ្នកនាងបានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក។ ក្នុងនោះដែរ អ្នកនាងក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៤ នាក់ ហើយដែរ។

យ៉ាងណាមិញ ក្រោយចាកចេញទៅរស់នៅក្រៅប្រទេសច្រើនឆ្នាំ ថ្មីៗនេះ អ្នកនាង គង់ បុប្ឋា ក៏បានវិលត្រឡប់មកលេងស្រុកកំណើតជាថ្មីយ៉ាងស្ងប់ស្ងាត់តែម្នាក់ឯងកាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងនោះដែរ ដំណើរនៃការមកដល់កម្ពុជាជាថ្មី អ្នកនាង គង់ បុប្ឋា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈចុះពីលើយន្តហោះភ្លាម អ្នកនាង ទទួលបានការងារភ្លាម បើទោះជាចាកឆ្ងាយពីសិល្បៈក្នុងស្រុកច្រើនឆ្នាំហើយក្តី៕




