ក្រោយពីរង់ចាំអស់រយៈពេលជាច្រើនខែ បន្ទាប់ពីចាប់ផ្តើមលើដំណើរតន្ត្រីនៅឯសហរដ្ឋអាមេរិកហើយនោះ ទីបំផុតលោក N.John កូនប្រុសទី ២ ឧកញ៉ា ព្រាប សុវត្ថិ បានបញ្ចេញ Album ចម្រៀងដំបូងរបស់ខ្លួនហើយដោយ Album មានឈ្មោះថា La La Land។

ក្នុងនោះ Album ដំបូង ដែលបានចាប់ផ្តើមក្នុងឧស្សាហកម្មតន្ត្រីនៅឯជាយសមុទ្រនេះដែរ គឺមានចម្រៀងចំនួន ៦ បទ ដែលមានរសជាតិប្លែក និង កំពុងទទួលបានការចែករំលែកជាបន្តបន្ទាប់ពីអ្នកគាំទ្រជាតិ និង អន្តរជាតិ។

ដោយឡែក ក្នុងចំណោមចម្រៀងទាំង ៦ បទ «La La Land» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈបទចម្រៀងមួយបទនោះ លោក N.John បានបកស្រាយរួមគ្នានឹង តារាចម្រៀងរ៉េប Legend របស់អាមេរិក ដែលល្បីតាំងពីឆ្នាំ ២០០០ មក គឺ The Game។

គួរជម្រាបថា តារាចម្រៀង The Game ដែលមានឈ្មោះពិតថា Jayceon Terrell Taylor គឺជាតារាចម្រៀង Legend មួយរូប ដែលល្បីល្បាញខ្លាំងតាំងពីអំឡុងឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន។ The Game គឺមានភាពល្បីល្បាញ ក្នុងជំនាន់ជាមួយតារាចម្រៀងរ៉េបអាមេរិកល្បីៗរួមមាន 50 Cent, Kanye West, Dr. Dre, Eminem និង Nate Dogg ជាដើម៕




