ថ្មីៗនេះ មហាជននិយមតាមដានពីការងារសិល្បៈរបស់តារាសម្តែងស្រី ខន សូរិយា ច្បាស់ជាបានជ្រាបហើយ ក្រោយពីមានសន្ទុះទីផ្សារការងារលើវិស័យសម្តែងយ៉ាងមានប្រជាប្រិយភាព ហើយនោះ កញ្ញា ខន សូរិយា ក៏បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងត្រូវបានតែងតាំងក្លាយជា Miss World Cambodia 2026។

ក្នុងនោះដែរ នៅសល់រយៈពេលមិនប៉ុន្មានខែទៀតប៉ុណ្ណោះ ម្ចាស់មកុដ Miss World Cambodia 2026 ដែលមានឈ្មោះពិត ខន មុំឧត្តមសូរិយារតនាទេវី នឹងធ្វើដំណើរទៅកាន់ឆាកអន្តរជាតិ ដើម្បីតំណាងកម្ពុជាក្នុងជំហានដំបូងនៃវិស័យបវរកញ្ញារបស់នាងផងដែរ។

ជាការពិតណាស់ បើទោះជានៅត្រឹមរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ Miss World Cambodia 2026 ខន សូរិយា បានប្រឹងប្រែងហ្វឹកហាត់ យ៉ាងអស់ពីសមត្ថភាព និង ត្រៀមខ្លួនរួចជាស្រេច ដោយថ្មីៗនេះ កញ្ញា ខន សូរិយា បានរៀបគម្រោងមួយឈ្មោះថា «ពន្លឺមួយ» ដែលជាគម្រោងត្រៀមបញ្ជូនទៅប្រកួតក្នុងវិញ្ញាសា Beauty with Purpose របស់កម្មវិធី Miss World 2026។ ក្នុងនោះ គម្រោងនេះ ធ្វើឡើងដើម្បីជាជំនួយផ្នែកស្មារតីដល់អ្នកស្វែងរកកន្លែងមានសុវត្ថិភាពក្នុងការជជែកពីបញ្ហាផ្លូវចិត្ត ដែលពួកគេកំពុងជួបប្រទះ និង ជាកន្លែងសម្រាប់អ្នកជំងឺផ្លូវចិត្តមកទទួលការប្រឹក្សា និងការព្យាបាលជាមួយគ្រូពេទ្យជំនាញប្រកបដោយវិជ្ជាជីវៈ។

តាមរយៈសំណេរ កញ្ញា ខន សូរិយា បានបញ្ជាក់ថា៖ «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា! នាងខ្ញុំ ខន មុំឧត្តមសូរិយារតនាទេវី Miss World Cambodia 2026។ នាងខ្ញុំ បានបង្កើតគម្រោងមួយឈ្មោះថា «ពន្លឺមួយ» ឬភាសាអង់គ្លេសហៅថា «One Light» ជាគម្រោង ដែលនាងខ្ញុំត្រៀមបញ្ជូនទៅប្រកួតក្នុងវិញ្ញាសា Beauty with Purpose របស់កម្មវិធី Miss World 2026 នាពេលឆាប់ៗនេះ។
គោលបំណងនៃការបង្កើតគម្រោង «ពន្លឺមួយ» / Project «One Light» នេះឡើងមក គឺដើម្បីជាជំនួយផ្នែកស្មារតីដល់អ្នកស្វែងរកកន្លែងមានសុវត្ថិភាពក្នុងការជជែកពីបញ្ហាផ្លូវចិត្ត ដែលពួកគេកំពុងជួបប្រទះ និង ជាកន្លែងសម្រាប់អ្នកជំងឺផ្លូវចិត្តមកទទួលការប្រឹក្សា និង ការព្យាបាលជាមួយគ្រូពេទ្យជំនាញប្រកបដោយវិជ្ជាជីវៈ។ បន្ថែមពីលើនោះ ក៏នឹងមានការរៀបចំកម្មវិធីសិក្ខាសិលាផ្សេងៗជុំវិញប្រធានបទបញ្ហាផ្លូវចិត្ត ការចុះជួបផ្ទាល់ជាមួយអ្នកជំងឺតាមសហគមន៍តាមទីជនបទ និង ការទទួលព្យាបាលអ្នកជំងឺផ្លូវចិត្ត ជាពិសេសជួយដល់អ្នកខ្វះ លទ្ធភាពក្នុងការព្យាបាល។ ក្នុងគម្រោង «One Light» នេះ យើងក៏បានបង្កើតជាវេបសាយផ្លូវការ ឈ្មោះថា «One Light World» ដែលអនុញ្ញាតឱ្យគ្រប់គ្នាចូលទៅសិក្សាស្វែងយល់អំពីប្រភេទនៃជំងឺផ្លូវចិត្ត ការប្រឹក្សាយោបល់ជុំវិញអការៈនៃជំងឺ និង វិធីសាស្ត្រព្យាបាលជាដើម។
នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូននឹងអាចស្វែងរកឃើញពន្លឺតូចមួយពីគម្រោង «ពន្លឺមួយ» / Project «One Light» របស់នាងខ្ញុំ ដែលរង់ចាំជួយបង្ហាញផ្លូវដ៏ងងឹតនេះឱ្យមានពន្លឺឡើងវិញ ព្រោះខ្ញុំជឿជាក់ថា ពន្លឺដ៏តូចមួយពិតជាអាចផ្តល់ក្តីសង្ឃឹមដល់អ្នកកំពុងរស់នៅទីងងឹត»៕







