នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ Boonsin Padklang ដែលជាអតីតមេទ័ពភូមិភាគ ២ របស់ថៃ បានឆ្លៀតឱ្យសម្ភាសទាក់ទងស្ថានការណ៍ជម្លោះជាយដែនកម្ពុជាថៃ ក្រោយពីបានទៅសំណេះសំណាលជាមួយសិស្សនិស្សិតនៅមហាវិទ្យាល័យការពារជាតិ។

Boonsin Padklang បានប្រាប់អ្នកកាសែតថា ខ្លួនគាំទ្រទៅនឹងការឆ្លើយតបចំពោះរដ្ឋាភិបាលចំពោះហេតុការណ៍ដែលទាហានថៃបានដើរជាន់មីនជាថ្មី ដោយមានដូចជាការបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងបញ្ឈប់ការដោះលែងទាហានខ្មែរទាំង ១៨ នាក់ទៅវិញ។ ដោយឡែកចំពោះព័ត៌មានដែលមានទាហានថៃបាញ់ទៅលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់នោះ វាអាចជារឿងដែលកម្ពុជាប្រឌិតឡើង ដើម្បីបិទបាំង ឬបង្វែងដានរឿងដែលទាហានថៃបានដើរជាន់មីន ឬក៏អាចពាក់ព័ន្ធនឹងប្រាសាទតាក្របីក៏ថាបានដែរ។

Boonsin Padklang បានបោះសម្តីទៀតថា អាចនឹងមានការញុះញង់ក្នុងរូបភាពផ្សេងទៀតកើតឡើងមកលើប្រទេសថៃ ដែលវាអាស្រ័យនឹងចេតនាអ្នកដឹកនាំរបស់កម្ពុជា។ Boonsin Padklang បានបន្តទៀតថា រីឯរដ្ឋាភិបាលថៃត្រូវតែរឹងមាំឱ្យស្របតាមតម្រូវការរបស់ប្រជាជនផងដែរ៕

ប្រភព៖ Khaosod