ជាមេ ជាអ្នកដឹកនាំ គប្បីឆ្លាតវៃក្នុងការឆក់បេះដូងបុគ្គលិកឱ្យបាន ជាក់ស្តែង មេដែលចេះផ្តល់កិត្តិយស និង រក្សាមុខមាត់ ឱ្យបុគ្គលិក គឺជាទុនមួយដ៏ធំ ដែលអាចទិញយកបេះដូង និង ភាពស្មោះត្រង់របស់ពួកគេបាន ខណៈប្រាក់ខែអាចទិញបានត្រឹមតែ កម្លាំងកាយ និង ពេលវេលារបស់ពួកគេប៉ុណ្ណោះ។ នៅពេលដែលអ្នកឈ្នះបេះដូងបុគ្គលិក អ្នកនឹងទទួលបានលទ្ធផលដែលមិនអាចកាត់ថ្លៃបាន៖

១. ពួកគេនឹងធ្វើការលើសពីកាតព្វកិច្ច
នៅពេលបុគ្គលិកមានអារម្មណ៍ថា អ្នកការពារកិត្តិយសរបស់គេ នោះគេនឹងមិនធ្វើការគ្រាន់តែដើម្បីឱ្យរួចពីដៃ ឬ ឱ្យតែចប់ម៉ោងនោះទេ។ គេនឹងធ្វើការដោយយកចិត្តទុកដាក់ ហាក់ដូចជាក្រុមហ៊ុននោះជារបស់គេផ្ទាល់អញ្ចឹង។
២. ពួកគេក្លាយជា «អ្នកការពារ» របស់អ្នក
អ្នកដឹកនាំដែលចេះការពារកូនចៅ នៅពេលមានបញ្ហា កូនចៅនឹងការពារអ្នកដឹកនាំវិញ។ ពួកគេនឹងមិននិយាយអាក្រក់ពីអ្នកនៅក្រោយខ្នង ហើយពួកគេនឹងជួយបិទបាំងចំណុចខ្វះខាតរបស់អ្នកនៅចំពោះមុខអ្នកដទៃ។

៣. ការទទួលខុសត្រូវខ្ពស់
ផ្ទុយពីការគិតរបស់មនុស្សមួយចំនួនដែលថា “បើមិនស្តីបន្ទោសខ្លាំងៗ គេមិនខ្លាច”។ តាមពិតទៅ បុគ្គលិកដែលទទួលបានការគោរព នឹងមាន «ការខ្មាសអៀនក្នុងចិត្ត» ខ្លាំងជាងការភ័យខ្លាចទៅទៀត។ ពួកគេនឹងខិតខំប្រឹងប្រែងមិនឱ្យមានកំហុស ព្រោះពួកគេខ្លាចបំផ្លាញទំនុកចិត្តដែលអ្នកផ្តល់ឱ្យ។
- វិធីសាស្ត្របន្ថែមដើម្បី «ទិញបេះដូង» បុគ្គលិក៖
ក្រៅពីការមិនស្តីបន្ទោសមុខគេមុខឯង មានទង្វើសាមញ្ញៗមួយចំនួនទៀត ដែលមានឥទ្ធិពលខ្លាំង៖
* ហ៊ានទទួលកំហុសជំនួសក្រុម: នៅពេលក្រុមធ្វើខុសនៅចំពោះមុខថ្នាក់លើ ឬ អតិថិជន អ្នកដឹកនាំពិតប្រាកដនឹងនិយាយថា៖ «នេះជាការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជាអ្នកដឹកនាំក្រុម» (ហើយចាំមកដោះស្រាយជាមួយកូនក្រុមនៅខាងក្រោយ)។
* ផ្តល់ស្នាដៃ និង រង្វាន់: នៅពេលការងារទទួលបានជោគជ័យ ត្រូវប្រកាសថា វាជាស្នាដៃរបស់ក្រុម មិនមែនស្នាដៃខ្លួនឯង។

* សួរសុខទុក្ខរឿងផ្ទាល់ខ្លួន: បង្ហាញការយកចិត្តទុកដាក់ចំពោះពួកគេក្នុងនាមជាមេគេ ដូចជាការសួរសុខទុក្ខនឹងគ្រួសារ ដូចសំណួរ «តើកូនអ្នកឈឺធូរហើយឬនៅ?» «តើបង ឬ ប្អូនបានជាសះស្បើយឬនៅ?» សំណួរទាំងនេះវាមានន័យខ្លាំងណាស់សម្រាប់ពួកគេ។
សរុបសេចក្តីមក៖ មនុស្សអាចនឹងភ្លេចនូវអ្វី ដែលអ្នកបាននិយាយ ឬ បានប្រើ តែពួកគេមិនភ្លេចនូវអារម្មណ៍ ដែលអ្នកបានផ្តល់ឱ្យពួកគេនោះទេ៕

ប្រភព៖ ឯកសារច្បាប់ និង រដ្ឋបាល