កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតថ្លែងការមួយក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»។

តាមរយៈសារលិខិត សម្ដេចបានសម្ដែងអំណរសាទរចំពោះសមិទ្ធផលដែលកម្ពុជាយើងសម្រេចបាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និង ជំងឺអេដស៍ ដែលរួមមានសរុបចំនួន ៦ ចំណុចសំខាន់ៗ (ទំព័រទី ២)។

ក្នុងសារលិខិតនោះដែរ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញឱ្យដឹងថា ពេលនេះចំនួនអ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង ៤ ០០០ នាក់ ដែលមិនទាន់បានដឹងពីស្ថានភាពរបស់ពួកគេ កំពុងត្រូវបានផ្សព្វផ្សាយស្វែងរក ដើម្បីឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ និង ទទួលបានការព្យាបាលទាន់ពេល។

តាមរយៈលិខិត សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវដើរតួនាទីនាំមុខជាអ្នកសម្របសម្រួលកម្មវិធីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ដោយគ្មានការរើសអើង មាក់ងាយ និង ផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះប្រជាជនគន្លឹះ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើការនៅសេវាកម្សាន្ត អ្នកប្រើប្រាស់គ្រឿងញៀន និង ក្រុមយុវវ័យ ដែលត្រូវទាក់ទាញ ឱ្យមកធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់ និង ទទួលបានសេវាព្យាបាលមេរោគអេដស៍ក្នុងថ្ងៃតែមួយ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖



