ពិតណាស់ កាលពីចុងខែមីនា ឆ្នាំ ២០២៥ កន្លងទៅ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss World Cambodia បានរកឃើញម្ចាស់មកុដថ្មីដ៏ស័ក្តិសមប្រចាំឆ្នាំ ២០២៥ គឺបានទៅលើស្រីស្អាតកូនខ្មែរកាត់អាមេរិក កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា។

ក្រោយគ្រងមកុដ Miss World Cambodia 2025 នេះ កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា នឹងត្រូវត្រៀមខ្លួនតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss World 2025 ដែលរៀបចំឡើងនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា ក្នុងខែឧសភា ឆ្នាំ ២០២៥ ខាងមុខ។


ស្របពេលកៀកថ្ងៃឡើងទៅប្រកួតលើឆាកអន្តរជាតិនេះដែរ ថ្មីៗនេះ ក៏បានឃើញបវរកញ្ញាកូនខ្មែរកាត់អាមេរិករូបនេះ បានទម្លាយរូបភាពមួយសន្លឹកបង្ហាញពីក្ដីស្រមៃរបស់នាង ដែលបានតែងខ្លួនថតរូបភាពគ្រងមកុដជាបវរកញ្ញាតាំងពីនៅតូច តែមកដល់ពេលនេះនាងក៏បានសម្រេចក្ដីស្រមៃក្លាយជាម្ចាស់មកុដ MWC 2025 និង តំណាងឱ្យប្រទេសប្រកួតលើឆាកអន្តរជាតិពិតមែន។

ក្នុងនោះ កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា បានរៀបរាប់ថា ៖ «ខ្ញុំបានគ្រងមកុដបវរកញ្ញាពិភពលោកដោយខ្លួនឯងកាលពីនៅក្មេង រូបថតនេះថតដោយប៉ាខ្ញុំ ខ្ញុំស្រមៃចង់ចូលរួមប្រកួតបវរកញ្ញាពិភពលោក ប៉ុន្តែខ្ញុំមិននឹកស្មានថានឹងមានឱកាសធ្វើជាតំណាងប្រទេសរបស់ខ្ញុំ គឺកម្ពុជានៅលើឆាកអន្តរជាតិ។ វាហាក់ដូចជាសុបិនក្លាយជាការពិត!»៕





