រាជធានីភ្នំពេញ ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៥៖ កាលពីសប្តាហ៍មុនមជ្ឈមណ្ឌលបុប្ផាណា បានប្រកាសការបិទបញ្ចប់ដំណើការជុំទីមួយនៃការតាំងពិព័រណ៍ «រស់រាន» ដែលជាការតាំងពិព័រណ៍ដ៏ធំមួយរបស់សិល្បករខ្មែរ លោក គឹម ហាក់ ប្រឹក្សាយោបល់ផ្ទាល់ជាមួយលោក ប៉ាន់ រិទ្ធី និងរៀបចំពិព័រណ៍ដោយ ម៉ឹង មេត្តា ក្រោមកិច្ចសហការជាមួយមូលនិធិរៃ ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាប្រមាណ ២ ០០០ នាក់ ចាប់តាំងពីបើកដំណើរការកាលពីពាក់កណ្តាលខែតុលា។ ដោយឃើញថាសាធារណជននៅតែបន្តមានចាប់អារម្មណ៍ មជ្ឈមណ្ឌលបុប្ផាណាបានបញ្ជាក់ថាការតាំងពិព័រណ៍នេះនឹងឈានទៅធ្វើការតាំងបង្ហាញបន្ថែមទៀត ដែលជាផ្នែកមួយនៃមហោ ស្រពរូបថតភ្នំពេញ ដែលនឹងបន្តរការបើកទស្សនារូបថតរហូតដល់ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ដោយឡែកវត្ថុពិតដែលតាំងបង្ហាញនៅក្នុងពិព័រណ៍ «រស់រាន» បច្ចុប្បន្នកំពុងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

ក្នុងរយៈពេលមួយខែចុងក្រោយ ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន រួមមានសិស្សានុសិស្សពីសាលា ជាច្រើន សាកលវិទ្យាល័យ ក្រុមគ្រួសារ អង្គការ សហគមន៍ និងជនជាតិខ្មែរដែលវិលត្រឡប់ពីបរទេស។ ក្រុម សិស្សានុសិស្សមកពីសាលាជាច្រើន បានចូលរួមជាមួយកម្មវិធីអប់រំ ដែលរៀបចំឡើង ដើម្បីជួយដល់ទស្សនិកជនវ័យក្មេងឱ្យភ្ជាប់ទំនាក់ទំនងជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាមរយៈការនិទានរឿងដោយរូបភាព។ លោក កែវ ដួង សាស្ត្រាចារ្យប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានដឹកនាំនិស្សិតចំនួនបីថ្នាក់មកទស្សនា ការតាំងពិព័រណ៍នេះ បានចែករំលែកថា និស្សិតមានការឆ្លើយតបជាខ្លាំងចំពោះបទពិសោធនេះ។ លោកបានថ្លែង ថា៖ «ពួកគេពិតជាពេញចិត្តចំពោះវិធីសាស្រ្តច្នៃប្រឌិតក្នុងការបង្ហាញប្រវត្តិសាស្ត្រ ដែលខុសពីអ្វីដែលពួកគេធ្លាប់ រៀនតាមរយៈការអានសៀវភៅ។ និស្សិតជាច្រើនបានពិពរណ៌នាអំពីរូបថតដែលធ្វើឱ្យពួកគេមានអារម្មណ៍រំជួលចិត្ត ឬភ្ជាប់ទៅនឹងរឿងរ៉ាវគ្រួសាររបស់ពួកគេផ្ទាល់។ រូបថតបុរសកាន់សំបុត្រចុងក្រោយពីម្តាយរបស់គាត់នៅប្រទេស ជប៉ុន គឺជារូបដែលមានឥទ្ធិពលជាខ្លាំង»។

សិល្បករ គឹម ហាក់ បានចែករំលែកការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃបិទបញ្ចប់ការតាំងពិព័រណ៍នេះថា៖
«នេះជាលើកទីមួយហើយនៅក្នុងការតាំងពិព័រណ៍គម្រោងរយៈពេលវែងរបស់ខ្ញុំមានឈ្មោះថា «រស់រាន» ដែលបាន
ដាក់បញ្ចូលកម្រងរូបភាពជម្រើសដកស្រង់ចេញពីជំពូកទាំងបួនមកបញ្ចូលគ្នា ហើយត្រូវបានតាំងបង្ហាញនៅមាតុ
ប្រទេសក្នុងមជ្ឈមណ្ឌលបុប្ផាណា នាទីក្រុងភ្នំពេញ។ ឥឡូវនេះ ក្រោយរយៈពេល ៥០ ឆ្នាំបានកន្លងផុតទៅ តាម
រយៈការតាំងពិព័រណ៍នេះ ខ្ញុំសង្ឃឹមថាអ្នកទស្សនាអាចទទួលបានសារដែលខ្ញុំបានព្យាយាមបង្ហាញ និងរៀនសូត្រថាតើប្រជាជនយើងបាននាំយកវត្ថុទាំងអស់នេះចាកចេញពីផ្ទះរបស់ខ្លួន ត្រូវផ្លាស់ទីលំនៅដោយបង្ខំ ឆ្លងកាត់ជំរំ
ពលកម្មបង្ខំ ជំរំជនភៀសខ្លួន ហើយបន្តទៅផ្ទះថ្មី ក៏ដូចជាប្រទេសថ្មី។ ខ្ញុំសង្ឃឹមថា អ្នកទស្សនាក៏អាចធ្វើស្វ័យឆ្លុះ
បញ្ចាំង និងចោទសួរខ្លួនឯងថា «តើពួកគេនឹងយកអ្វីទៅជាមួយ ប្រសិនបើមានផ្ទុះសង្គ្រាមឡើងនៅក្នុងមាតុភូមិ
របស់ខ្លួន?» តាមរយៈការតាំងពិព័រណ៍ «រស់រាន» និងការសម្លឹងមើលទៅពិភពលោកសព្វថ្ងៃនេះ យើងឃើញថា ជម្លោះ និងសង្រ្គាមនៅតែបន្តកើតមាន ដែលបង្កើតបានជាការផ្លាស់ទីលំនៅជនភៀសខ្លួនថ្មី។ ខ្ញុំពិតជាសង្ឃឹមថា មនុស្សនឹងគិតគូរកាន់តែច្រើនអំពីមនុស្សជាតិ និងការកសាងសន្តិភាព។ នេះជាសាររបស់ខ្ញុំចេញពីការតាំងពិព័រណ៍នេះ»។
បើមើលទៅលើផលប៉ះពាល់ទូលំទូលាយរបស់ពិព័រណ៍ «រស់រាន» វិញ លោក ប៉ាន់ រិទ្ធី ទីប្រឹក្សាក្នុងការរៀបចំពិព័រណ៍ បានមានប្រសាសន៍ថា៖
«ការតាំងពិព័រណ៍នេះ ពិតជាធ្វើឱ្យសាធារណជនមានចំណាប់អារម្មណ៍ជាច្រើន។ ស្នាដៃរបស់ គឹម ហាក់ បានបំផុសឱ្យមានការកោតសរសើរ និងការគោរព ហើយការប្រើប្រាស់ទីតាំងនៅបុប្ផាណា គឺគួរឱ្យចាប់អារម្មណ៍។ លោក ជា សុភាព [នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា] បានសម្រេចពន្យារពេលការតាំងពិព័រណ៍នេះ។ ទស្សនិកជនវ័យ ក្មេង និងសិស្សានុសិស្សនៅមិនទាន់ស៊ាំជាមួយការស្វែងរកស្នាដៃសិល្បៈនៅឡើយទេ។ អ្នកខ្លះក៏ទើបតែស្គាល់មជ្ឈមណ្ឌលបុប្ផាណានាពេលនេះដែរ។ ដូច្នេះ ការសម្រេចចិត្តរបស់ក្រុមការងារ គឺជាការសមហេតុផល ព្រោះយើងត្រូវការប្រើពេលវេលាដើម្បីធ្វើការជាមួយសិស្សានុសិស្សក៏ដូចជាអ្នកផ្សេងទៀត។ នេះជាវិធីសាស្រ្តបែបអប់រំ ដែល អនុញ្ញាតឱ្យមានការស្វែងយល់ថាតើរូបថត និងសិល្បៈជាអ្វី និងក៏ដូចជាដើម្បីស្គាល់អំពីការចងចាំផងដែរ។ នេះគឺដោយសារតែស្នូលចម្បងនៃស្នាដៃរបស់ គឹម ហាក់ គឺការបញ្ជូនការចងចាំឱ្យទៅមនុស្សជំនាន់ក្រោយ។ បើគ្មាន វប្បធម៌ទេ ក៏គ្មានការឆ្លុះបញ្ចាំងអំពីរបួសផ្លូវចិត្តរបស់យើង ឬការព្យាបាលរបួសនេះឡើយ។ ខ្ញុំកត់សម្គាល់ឃើញថានៅតែមានមនុស្សបន្តមកទស្សនា គឺមានទាំងជនជាតិខ្មែរមកពីអាមេរិកខាងជើង ឬអឺរ៉ុបផងដែរ។

គួរឱ្យសោកស្ដាយ ទស្សនិកជនជាច្រើនមិនចង់កត់ឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទស្សនា។ ច្បាស់ណាស់ថាការភ័យខ្លាចមិនហ៊ានបន្សល់ទុកឈ្មោះ អត្តសញ្ញាណ ឬអាសយដ្ឋាននៅកន្លែងណាមួយ នៅតែជាភាពបន្តការប្រុងប្រយ័ត្នរបស់ពួកគាត់។ នេះក៏ជាទម្រង់នៃរបួសផ្លូវចិត្តផងដែរ ពោលគឺជារបួសមួយដែលជម្រុញឱ្យអ្នកទាំងនោះបន្តស្ងាត់ស្ងៀម។ ត្រង់ចំណុចនេះហើយ ដែលធ្វើឱ្យការងាររបស់យើងនៅពេលនេះមានសារៈសំខាន់។ ពិតណាស់ ខ្ញុំបានសង្កេតឃើញថាមនុស្សចាប់ផ្តើមជជែកគ្នា ក្មេងៗសួរនាំសំណួរផ្សេងៗ ហើយមនុស្សចាស់ៗចាប់ផ្ដើមចែករំលែកអំពីរឿងនានា ដែលជាហេតុបង្កើតឱ្យមានការចែករំលែកព័ត៌មានគ្នារវាងមនុស្សពីជំនាន់មួយទៅជំនាន់មួយទៀត។

ប្រសិនបើអាចទៅរួច គួរឱ្យមានការតាំងពិព័រណ៍នេះបន្តទៅខេត្តបាត់ដំបង និងខេត្តសៀមរាបទៀត»។
ក្នុងអំឡុងខែតុលា និងខែវិច្ឆិកាទាំងមូល ពិព័រណ៍ «រស់រាន» បានប្រមូលផ្តុំជំពូកទាំងបួននៃគម្រោងរយៈពេលមួយទសវត្សរ៍របស់លោក គឹម ហាក់ មករួមបញ្ចូលគ្នា ដោយគម្រោងនេះបានចងក្រងនូវវត្ថុជាច្រើនដែលក្រុមគ្រួសារខ្មែរបានយកជាប់នឹងខ្លួន លាក់ទុក ឬរក្សាទុក ឆ្លងកាត់សម័យសង្រ្គាម ការផ្លាស់ទីលំនៅ និងការកសាងឡើងវិញ។ ជារឿយៗ អ្នកទស្សនាតែងចំណាយពេលយូរដើម្បីទស្សនា វិលមកទស្សនាម្ដងទៀត ឬនាំសាច់ញាតិមើលមើលការតាំងពិព័រណ៍ ដោយមនុស្សជាច្រើនបានពិពណ៌នាថារូបថត និងវត្ថុទាំងនោះជាគ្រឿងឱ្យពួកគាត់រំលឹកដល់ប្រវត្តិគ្រួសាររបស់ពួកគាត់ផ្ទាល់។ ការតាំងពិព័រណ៍នេះបានជម្រុញឱ្យមានការសន្ទនារវាងជំនាន់ ដោយអ្នកទស្សនាវ័យក្មេងសួរសំណួរ ហើយអ្នកទស្សនាវ័យចំណាស់បានចែករំលែកការចងចាំ ដែលពួកគេប្រហែលជាមិនធ្លាប់និយាយពីមុនមក។

ការបន្តរយៈពេលការតាំងពិព័រណ៍ «រស់រាន» ក្រោយការបញ្ចប់រយៈពេលការតាំងពិព័រណ៍ផ្លូវការ ឱ្យដល់ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងមហោស្រពរូបថតភ្នំពេញ នឹងអនុញ្ញាតឱ្យសាធារណជនមានពេលវេលាបន្ថែមដើម្បីចូលរួមជាមួយទស្សនារូបថតទាំងនេះ។ វគ្គអប់រំ និងកិច្ចដើរទស្សនាអមដោយការបង្ហាញ នឹងបន្តធ្វើឡើងក្នុងអំឡុងរយៈពេលបន្ថែមនេះ។

អំពីពិព័រណ៍
រស់រាន គឺជាគម្រោងរូបថតរយៈពេលវែងកំពុងដំណើរការ ហើយបានចាប់ផ្តើមនៅខេត្តបាត់ដំបង កាលពីឆ្នាំ ២០១៤ និងបានឈានទៅវិវត្តជាបន្តបន្ទាប់តាមរយៈជំពូកអន្តរជាតិ នៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ និងជប៉ុន។ ជំពូកនីមួយៗ បានស្វែងយល់ពីការចងចាំបង្កប់នៅក្នុងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដែលបានសេសសល់ពីអតីតកាល ដ៏វឹកវររបស់កម្ពុជា។ ការតាំងពិព័រណ៍នៅរាជធានីភ្នំពេញនេះ គឺជាការនាំយកនូវរឿងរ៉ាវទាំងនេះមករួមផ្ដុំគ្នាជាលើកដំបូង ដោយបង្ហាញរូបថតទ្រង់ទ្រាយធំ និងវត្ថុដើមដែលត្រូវបានជ្រើសរើសមួយចំនួន ដែលវត្ថុទាំងនោះត្រូវបានលាក់ទុក រក្សាទុក ឬយកតាមខ្លួនអស់ពេលជាច្រើនជំនាន់។ ពិព័រណ៍នេះបានបំប្លែងសកម្មភាពនៃការរស់រានមានជីវិតរបស់បុគ្គលជាឯកជន ទៅជារឿងរ៉ាវរួមនៃភាពរឹងមាំ និងការចងចាំរួមគ្នា។

អំពីមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយអ្នកផលិតខ្សែភាពយន្តដ៏ល្បីល្បាញ លោក ប៉ាន់ រីទ្ធី និង លោក អៀវ ប៉ុណ្ណាការ ដើម្បីឧទ្ទិសដល់ការស្ដារឡើងវិញនូវបេតិកភណ្ឌសោតទស្សន៍របស់កម្ពុជា និងការអភិរក្សការចងចាំសមូហភាព។ មជ្ឈមណ្ឌលនេះ បានយកឈ្មោះតាម បុប្ផាណា ដែលគាត់ជាយុវតីម្នាក់ត្រូវបានគេសម្លាប់នៅមន្ទីរស-២១ ដោយសារលិខិតស្នេហាដ៏ក្លាហាន និងការតស៊ូរើ បម្រះរបស់គាត់ មជ្ឈមណ្ឌលនេះគឺជាវិមានរស់មួយដើម្បីជាសក្ខីភាពសម្រាប់អំណាចនៃការចងចាំ។ បុប្ផាណា គឺជាសមាជិកនៃសហព័ន្ធអន្តរជាតិនៃបណ្ណសារទូរទស្សន៍ (FIAT) និងសហព័ន្ធអន្តរជាតិនៃបណ្ណសារភាពយន្ត (FIAF) ដែលធានាបាននូវស្តង់ដារអភិរក្ស និងពិព័រណ៍លំដាប់ពិភពលោក។

អំពីមូលនិធិ រៃ
មូលនិធិ រៃ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសនូវែលសេឡង់ ក្នុងឆ្នាំ ២០១២ ជាមូលនិធិសប្បុរសធម៌ ដែលមានទស្សនៈវិស័យចង់ឃើញពិភពលោកមួយដែលលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប។ មូលនិធិ រៃ ផ្ដោតការយកចិត្តទុកដាក់ក្នុងការគាំទ្រគម្រោងនានា ដែលមានគោលដៅអភិវឌ្ឍសង្គម ប្រកបដោយទំនុកចិត្ត និងសហគមន៍ គោរពភាពចម្រុះ និងទទួលស្គាល់ភាពចម្រុះរបស់បុគ្គល។ មូលនិធិ រៃ បានសហការជាមួយស្ថាប័នដៃគូនានាដែលមានទីតាំងនៅក្នុងប្រទេសនូវែលសេឡង់ ជប៉ុន តុងហ្គា ម៉ាឡាវី និងកម្ពុជា។ មូលនិធិ រៃ បានឃើញស្នាដៃរបស់ លោក គឹម ហាក់ ជាលើកដំបូងនៅក្នុងមហោស្រពរូបថតមួយក្នុងប្រទេសនូវែលសេឡង់កាលពីឆ្នាំ ២០១៧។ កម្រងស្នាដៃ រស់រាន របស់លោក ត្រូវបានដាក់តាំងបង្ហាញជាផ្នែកមួយនៃមហោស្រពនេះ ហើយសារនៃសា្នដៃនេះ មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកទស្សនាដែលមានជាតិសាសន៍ វប្បធម៌ និងទំនៀមទម្លាប់ខុសពីកម្ពុជា។ ឆ្នាំបន្ទាប់មក មូលនិធិ រៃ បានចាប់ផ្តើមសហការជាមួយលោក គឹម ហាក់ លើស្នាដៃ រស់រាន ជំពូក ៣ ជាស្នាដៃបង្ហាញពីសហគមន៍ខ្មែរ រស់នៅទីក្រុងអូកលែនដ៍។ បន្ទាប់មក ស្នាដៃទាំងនេះត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងអូកលែនដ៍ និងរាជធានីភ្នំពេញ ក៏ដូចជាបោះពុម្ពជាសៀវភៅផងដែរ។ នៅទីបំផុត ស្នាដៃទាំងនោះត្រូវបានសារមន្ទីរសង្រ្គាមក្នុងទីក្រុងអូកលែនដ៍ (Auckland War Memorial Museum) បានរក្សាទុកជាធនធានដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋទីក្រុងអូកលែនដ៍ និងសម្រាប់មនុស្សជំនាន់ក្រោយ។ បន្ទាប់ពីការផលិតស្នាដៃ រស់រាន ជំពូក៤ នៅប្រទេសជប៉ុនមូលនិធិ រៃ ក៏បានសហការជាមួយ លោក គឹម ហាក់ លើការតាំងពិព័រណ៍ជំពូកនេះនៅក្នុងទីក្រុងតូក្យូ និងយ៉ូកូហាម៉ាក្នុងឆ្នាំ ២០២២ និង ២០២៣ ផងដែរ។
ព័ត៌មានទំនាក់ទំនងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ
សម្រាប់ការសាកសួរព័ត៌មាន ការសម្ភាសន៍ និងការស្នើសុំរូបភាព សូមទំនាក់ទំនង៖
📧 alive.kimhak@gmail.com
🌐 www.kimhak.com/works/alive