អ្នកនិយមតាមដានទស្សនាវីដេអូបែបកំប្លែងខ្លីៗនៅលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ច្បាស់ជាបានស្គាល់ហើយ អ្នកសម្តែងស្រករក្រោយលោក ទីកូ ដែលនិយមតុបតែងខ្លួនជាមនុស្សស្រីសម្តែងជាតួ នាងសាមាណ ហ្សាហ្សា យាយកូ ជាដើម។
បើទោះជាទើបតែប្រឡូកក្នុងវិស័យសិល្បៈរយៈពេលខ្លី តែលោក ទីកូ ទទួលបានការចាប់អារម្មណ៍ និង គាំទ្រលោកយ៉ាងខ្លាំង ព្រោះទេពកោសល្យសម្តែងបែបកំប្លែងរបស់លោក ដោយលោកអាចសម្តែងបានគ្រប់ទម្រង់ទាំងតួម្តាយ តួបងស្រី តួយាយ និង តួកូនក្មេង។
ជាការពិតណាស់ លោក ទីកូ សម្តែងជាតួអង្គគ្រប់ប្រភេទរមែងបង្កភាពសើចក្អាកក្អាយដល់មហាជន ខណៈជីវិតពិតរបស់លោកជួបតែការមាក់ងាយពីអ្នកជុំវិញខ្លួន សូម្បីតែកូនរបស់លោកក៏រងការ Bully ពីអ្នករៀនជាមួយ។
ក្នុងកម្មវិធី VTalk Confession លោក ទីកូ បានឱ្យដឹងថា ៖ «លោកសម្តែងជាភេទទី ៣ រហូតធ្វើឱ្យគេគិតថា លោកជាភេទទី ៣ ហើយនៅក្រៅហៅលោកនូវពាក្យមិនសមរម្យដូចជាពាក្យ អាខ្ទើយជាដើម»។ លើសពីនោះ លោក ទីកូ បន្តថា ៖ «សូម្បីតែកូនរបស់លោកនៅសាលា ក៏ត្រូវមិត្តភក្តិចំអន់ថា ប៉ាសម្តែងជាភេទី ៣ បែបនេះ បែបនោះ រហូតធ្វើឱ្យកូនខ្មាសគេទៀតផង»៕