ជាការពិតណាស់ មនុស្សមួយចំនួនតែងតែមានក្តីស្រមៃចង់ក្លាយទៅជាតារាចម្រៀងល្បីឈ្មោះ ដោយមានការគាំទ្រពីសំណាក់មហាជនជាច្រើន ហើយនេះគឺជាចំណុចមួយនៃការរុញច្រានការខិតខំព្យាយាមរបស់ពួកគេរហូតបានជោគជ័យផងដែរ ។
តួយ៉ាងបើក្រឡេកទៅមើលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក Eno ឯនោះវិញ ក៏មិនខុសប្លែកពីតារាដទៃផ្សេងទៀតដែរ ដោយមុនឈានជើងទទួលបានភាពល្បីឈ្មោះនោះ គឺលោកបានតស៊ូជម្នះនូវឧបសគ្គជាច្រើនលើវិថីនេះ ។
បើក្រឡេកទៅមើលតារាចម្រៀងប្រចាំផលិតកម្មខាងលើនេះវិញ ត្រូវបានមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាំងពីលោកបោះជំហានជាតារាចម្រៀង ដោយដំបូងឡើយគឺលោកច្រៀងក្នុងផលិតកម្ម Diamond Music ហើយបានដាក់ឈ្មោះថា Eno ។ ក្រោយមកមិនយូរប៉ុន្មាន លោកក៏បានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្មជួរមុខគឺ ផលិតកម្ម សាន់ដេ និង មានការគាំទ្រយ៉ាងសន្ធឹកមកដល់ពេលបច្ចុប្បន្ន ។
យ៉ាងណាមិញ ការពិតលោក Eno គឺមិនមែនជាឈ្មោះកំណើតរបស់លោកនោះទេ គឺលោកមានឈ្មោះថា សាន ពេជ្រសុភារិទ្ធ ហើយមូលហេតុដែលលោកបានប្តូរឈ្មោះទៅជា Eno ក៏ទើបតែបានទម្លាយកាលពីពេលថ្មីៗ ដែលធ្វើឱ្យមហាជនបានដឹងហើយហួសចិត្តអស់សំណើចមិនតិចនោះទេ ។
តាមរយៈការចូលរួមកម្មវិធី 3 Fun កាលពីពេលកន្លងមក លោក Eno បានឱ្យដឹងថា «ឈ្មោះ Eno គឺលោកបានរកនឹកដាក់តាំងពីមិនទាន់ក្លាយទៅជាតារាចម្រៀងអាជីពមក ពោលគឺជាការរកនឹកស្រមើស្រមៃរបស់លោកពេលកំពុងបើកម៉ូតូ ប្រសិនថ្ងៃណាមួយលោកល្បីលោកត្រូវដាក់ឈ្មោះអ្វីឱ្យពីរោះ ព្រោះឈ្មោះកំណើតដូចជាវែង» ។
បន្ថែមពីនោះ លោក Eno កាន់តែធ្វើឱ្យអ្នកទស្សនាកាន់តែផ្ទុះសំណើចទៀតដោយលោកបានបញ្ជាក់ថា ឈ្មោះ Eno គឺលោកដាក់មកនោះតាមខ្សែភាពយន្តម៉ាឡេដោយលោកធ្លាប់ទស្សនា ដោយតួអង្គមានឈ្មោះដូចជា Zambie, Kno ជាដើម ។ ដូច្នេះលោកក៏សម្រេចចិត្តដាក់ឈ្មោះ Eno តែម្តងទៅ ឱ្យស្តាប់ទៅស្រដៀងៗគ្នា ៕